ភ្នំពេញ៖ តបតាមសំណើរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយស្នើសុំដាក់ប្រសិទ្ធនាមស្ពានអាកាសភ្លោះថ្មី ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងផ្លូវជាតិលេខ២ថា “ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត” ដែលបានបើកការដ្ឋានសាងសង់ស្ពាននៅព្រឹកថ្ងៃ១៧ មិថុនានេះ ក្រោមវត្តមានសម្តេចធិបតីផ្ទាល់នោះ គឺសម្តេចឆ្លើយបានឯកភាពផ្ទាល់តែម្តង នៅចុងម៉ោងនៃការបញ្ចប់សន្ទរកថា ។ នេះគឺជាការប្រសិទ្ធនាមរបស់សម្តេចធិបតី ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីសម្តេចបានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីប្រមាណជាជិត១ឆ្នាំមកនេះ ។
សម្រាប់ស្ពានថ្មីនេះដែលបានដាក់ ឈ្មោះសម្តេចជាលើកដំបូងនេះដែរ សម្តេចបានបង្ហាញការយល់ឃើញថា ឈ្មោះស្ពានជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវកសាងឡើងធ្វ់យ៉ាងណាឲ្យមានគុណភាព ដើម្បីសម្រាប់ពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានអាកាសភ្លោះនេះ សម្តេចធិបតីមានប្រសាសន៍ថា “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តួចផ្តើមគំនិត ស្នើឲ្យមានការប្រសិទ្ធនាម ស្ពានអាកាសទី១ ដែលត្រូវបើកការដ្ឋាននៅពេលនេះថា ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ហើយខ្ញុំសូមអរគុណចំពោះការស្នើសុំនេះ” ។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ចាក់ថា “ដាក់អ្វី (ឈ្មោះ) ក៏បាន ឲ្យតែធ្វើបានគុណភាពល្អ ជូនប្រជាពលរដ្ឋប្រើប្រាស់” ។
ជាមួយគ្នានោះ សម្តេចធិបតី បានស្នើឲ្យមានការពិនិត្យទៅលើផ្នែកសុវត្ថិភាព ក្នុងពេលសាងសង់ឲ្យបានល្អ ជៀសវាងមានឧប្បទ្ទវហេតុណាមួយកើតឡើង និងសុំប្រជាពលរដ្ឋមានការ យោគយល់ចំពោះការរំខាន ក្នុងពេលសាងសង់ផងដែរ ។
នាឱកាសនៃពិធីខាលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគោរពការអនុញ្ញាតពីសម្តេចធិបតី ក្នុងការប្រសិទ្ធនាម ឈ្មោះស្ពានអាកាសភ្លោះថ្មីនេះថា “ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត” ។ លោក ឃួង ស្រេង បានលើកឡើងថា “ខ្ញុំបានជំនួសមុខឲ្យក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ សូមគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតប្រសិទ្ធនាម ស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនា អាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាពេលនេះថា ជាស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ពីពេលនេះតទៅ” ៕