ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ គិតគូរទៅលើបទដ្ឋានគតិយុទ្ធនៃច្បាប់ លើការគ្រប់គ្រង និងរៀបចំបណ្តាញប្រព័ន្ធថាមពលហ្គាស សម្រាប់លំនៅឋានរបស់ប្រជាពលរដ្ឋ ជាពិសេសអាគារខ្ពស់ៗ ឲ្យមានស្តង់ដារសុវត្ថិភាពច្បាស់លាស់ ខណៈសម្តេចថា កម្ពុជា កំពុងឈានឆ្ពោះទៅ រកការប្រើប្រាស់ហ្គាសជំនួសការប្រើប្រាស់អូស ឬអគ្គិសនី ។
នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងផ្លូវជាតិលេខ២ នាព្រឹកថ្ងៃ១៧ មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចបានឲ្យលោក កែវ រតនៈ រដ្ឋមន្ត្រីធនធានរ៉ែ និងថាមពល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាទៅលើការរៀបចំច្បាប់ និង ការកំណត់ស្តង់ដារសុវត្ថិភាព លើការបំពាក់បណ្តាញ ថាមពលហ្គាស សម្រាប់ប្រើប្រាស់ដែលជាតម្រូវការនាពេលអនាគត ឲ្យបានមុន សភាពការណ៍មកដល់ ។
ការគិតគូរឲ្យបានមុននេះ ត្រូវបានសម្តេចធិបតីអះអាងថា ជាការគិតគូរតាមបែបបុរេសកម្ម ពោលឆ្លើយតបឲ្យបានមុនសភាពការណ៍ ។
សម្តេចធិបតីលើកឡើងថា “ការគិតគូររបៀបបុរេសកម្មចាំបាច់ ហើយជាពិសេសការរៀបចំក្រុង ផែនការនគរូបនីយកម្ម ហើយការរៀបចំគ្រប់គ្រង ការរៀបចំសំណង និងប្រព័ន្ធសុវត្ថិភាព” ។
ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើល រៀបចំឲ្យហើយ ។ ខ្ញុំឲ្យគិតគូរអំពីច្បាប់ គ្រប់គ្រងរឿងប្រព័ន្ធអូសហ្គាស (Gas) ចូលក្នុងផ្ទះ ព្រោះអាគារយើងថ្ងៃក្រោយ អាគារខ្ពស់ ហើយប្រើប្រព័ន្ធហ្គាសច្រើន មនុស្សលែងដុតអូស ដុតអគ្គិសនី ត្រូវហ្គាស។ ចឹងត្រូវមានប្រព័ន្ធសុវត្ថិភាព ត្រូវគ្រប់គ្រងយ៉ាងម៉េច” ។
សម្តេចធិបតីឲ្យដឹងទៀតថា ការតភ្ជាប់បណ្តាញប្រើប្រាស់ថាមពលហ្គាសនេះ មានគ្រោះថ្នាក់ប្រសិនបើមិនបានរៀបចំតាមស្តង់ដារសុវត្ថិភាពត្រឹមត្រូវ ជាហេតុអាចបង្កឲ្យផ្ទុះអាគារទាំងមូលបាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែតបន្តថា “ត្រូវគិតឲ្យហើយ ហើយរៀបចំបូកជាមួយក្រសួងដែនដី ដាក់ស្តង់ដារ ទាំងភ្លើង ទាំងទឹក ទាំងហ្គាស ព្រោះអាគារខ្ពស់ៗ ថ្ងៃក្រោយ… មើលនៅអង់គ្លេស នៅកន្លែងខ្លះផ្ទុះម្តងផ្ទុះមិនតិចទេ ។ ចឹងសូមឲ្យបង្គំចូលក្នុងការរៀបចំផែនការនិងគោលនយោបាយ គោលការណ៍សុវត្ថិភាពអាគារសំណង់ ត្រូវគិតទាំងអាហ្នឹង(ប្រព័ន្ធបណ្តាញហ្គាស) ព្រោះយើងព្យាករណ៍ប្រជាពលរដ្ឋឥឡូវទិញហ្គាសដាក់ធុង កន្លែងខ្លះមានផ្ទុះធុង ប៉ុន្តែថ្ងៃក្រោយអត់ទេ គឺមានក្រុមហ៊ុនមួយ គាត់ផ្គត់ផ្គង់ជាតំបន់ គាត់រៀបចំជាប្រព័ន្ធដូចប្រព័ន្ធខ្សែកាប ។ ឥឡូវចឹង ដូចប្រព័ន្ធទឹកឥឡូវ គ្រាន់ថ្ងៃក្រោយលក់ហ្គាស គេនឹងរៀបទុយោ”។
សម្តេចធិបតីបន្តទៀតថា “ចឹងត្រូវគិតគូបុរេសកម្មទៅលើរឿងសំណង់ រឿងអាគារ រឿងក្រុង ចឹងខ្ញុំសូមឲ្យស្ថាប័ន ក្រសួងពាក់ព័ន្ធគិតគូររឿងនេះឲ្យមែនទែន ។ ប្រជាពលរដ្ឋ ត្រូវការរស់ដោយសេចក្តីសុខ ស្ថេរភាព សន្តិសុខ សុវត្ថិភាព សុវត្ថិភាពរួមទាំងសុវត្ថិភាពនៃការរស់នៅ ដូចការតម្លើងអាគារ តម្លើងអីនេះ” ៕