ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់លោក Shaharuddin Bin Onn និងសហការី និងបានអបអរសាទរដល់លោក Shaharuddin Bin Onn ដែលទទួលបានការតែងតាំង ជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ សង្ឃឹមថាលោកឯកអគ្គរាជទូត និងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគី កម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។
សម្តេចប្រធាន ក៏បានរម្លឹកពីដំណើរទស្សនកិច្ច របស់លោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកម្ពុជា កាលពីដើមឆ្នាំ២០២៣ និងបានអញ្ជើញសម្តេចទៅទស្សនកិច្ច នៅម៉ាឡេស៊ីវិញនាពេលនោះ។ បើទោះបីជាសម្តេចពុំបានឆ្លើយតបទៅនឹង ការអញ្ជើញរបស់ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយសារកត្តាពេលវេលា ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ច នៅម៉ាឡេស៊ី ដែលជាការបង្ហាញពីការបន្តទំនាក់ទំនង កម្ពុជា-ម៉ាឡេស៊ី មិនដាច់រយៈដោយបន្តពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។
លោកបានលើកឡើងថា សម្ដេចតេជោ បានសម្រេចនូវសមិទ្ធផលដ៏ធំធេង ជាពិសេស សុខសន្តិភាព និង ជាអ្នកប្រែក្លាយប្រទេសកម្ពុជាពីភាពដុនដាប មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
លោក បានបន្តថា ការផ្លាស់ប្តូរអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺប្រើរយៈពេលខ្លីណាស់ ដោយគ្រាន់តែអគ្គរាជទូតចាស់ចេញផុតភ្លាម អគ្គរាជទូតថ្មីក៏បានមកដល់ និងចាប់ផ្តើម ធ្វើការភ្លាម ដោយសារតែប្រទេសម៉ាឡេស៊ី បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកឯកអគ្គរាជទូត បានបង្ហាញនូវការវាយតម្លៃខ្ពស់ លើទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោង នៃកិច្ចសហប្រតិបត្តិការ ដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។ លោក ក៏បានបញ្ជាក់ជូនសម្តេចតេជោ បន្ថែមផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រវាងអ្នកវិនិយោគនិងថ្នាក់ដឹកនាំធុរកិច្ច និងរវាងប្រជាជននៃប្រទេសទាំងពីរ គឺមានការរីកចម្រើនល្អប្រសើរ និងត្រូវតែពង្រឹងបន្ថែមទៀត។
ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងមោទនភាព ដែលក្នុងរយៈពេលនៃការដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានចូលរួមកសាង និងពង្រឹងទំនាក់ទំនង នៃប្រទេសទាំងពីរ រហូតបានក្លាយជាមូលដ្ឋាន សម្រាប់ការបន្តជំរុញ កិច្ចសហប្រតិបត្តិការ ដល់ថ្នាក់ដឹកនាំជំនាន់ថ្មី ក៏ដូចជាអ្នកនយោបាយ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
សម្តេចមានប្រសាសន៍បន្ថែមថា សម្ដេចនិងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀត បានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភានិងរដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយ ដែលមានលទ្ធភាពក្នុងការជួយជំរុញ ឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង។
សម្តេចប្រធាន ពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជា ដែលជួយដល់កសិករកម្ពុជា ខិតខំដាំដុះបន្ថែមទៀត និង ដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញ ការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត។ សម្ដេចតេជោបានចាត់ទុកថា ការដឹកទំនិញតាមផ្លូវទឹក រវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ី នៅជិតគ្នាណាស់ ដែលផ្ដល់ភាពងាយស្រួល ក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។កាលពីខែមីនា ឆ្នាំ២០២៣ សម្តេច និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាពីការតភ្ជាប់ខ្សែកាប ក្រោមបាតសមុទ្រ ដែលឆ្លងកាត់បាតសមុទ្រម៉ាឡេស៊ី ដើម្បីបញ្ជូនអគ្គិសនីពីកម្ពុជា ទៅសឹង្ហបុរី។ ដូច្នេះ កម្ពុជានិងម៉ាឡេស៊ី នឹងមានការតភ្ជាប់ការដឹកជញ្ជូន ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ថាមពល ដើម្បីធានាសន្តិសុខថាមពល ដល់ម៉ាឡេស៊ីផង និងអាស៊ានផង។ ម៉ាឡេស៊ីទិញអង្ករពីកម្ពុជា បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងធានាសន្តិសុខស្បៀងម៉ាឡេស៊ី ហើយកម្ពុជាក៏ទិញប្រេងដូងពីម៉ាឡេស៊ីវិញ នេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។
ទាក់ទងទៅនឹង ឧស្សាហកម្មម្ហូបហាឡាល់ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ យើងពុំទាន់ជោគជ័យ នៅឡើយទេ ហើយថ្មីៗនេះក្នុងឱកាសបំពេញទស្សនកិច្ច របស់សម្ដេចធិបតី ទៅម៉ាឡេស៊ី ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពឱ្យក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរជំរុញការផលិតម្ហូបអាហារ ហាឡាល់នេះ ដោយសហការជាមួយវិស័យឯកជន ។
សម្តេច បានបន្ថែមថា កម្ពុជាមានសក្តានុពលក្នុងវិស័យនេះ ហើយម៉ាឡេស៊ី ក៏ចង់ជួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញអាហារហាឡាល់នេះ ទៅក្រៅប្រទេស ដូចនេះហើយ សម្តេចពិតជាចង់ឃើញ គម្រោងនេះសម្រេចជោគជ័យ ជាក់ស្តែងនាពេលខាងមុខដ៏ខ្លី។
សម្ដេចតេជោបានរំលឹក ពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។ ឆ្នាំនេះកម្ពុជាសង្ឃឹមថាកំណើនសេដ្ឋកិច្ច អាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។
សម្ដេចតេជោបានស្នើឱ្យ លោកឯកអគ្គរាជទូតបន្តការខិតខំ ពង្រឹងបន្ថែមទៀត ជាពិសេសការសម្រេចឱ្យបាននូវឧស្សាហកម្ម ម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។
សម្ដេចតេជោ បានផ្ដល់អនុសាសន៍ថា កម្ពុជាបានផ្ដល់អាទិភាព លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិន ម៉ាឡេស៊ីនិងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ី ដែលខ្វះពលកម្មនោះផង។
សម្ដេចតេជោ និងលោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈឹមបូព៌ា សម្ដេចតេជោ និងលោកឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែមានគោលជំហរដដែល គឺបញ្ហានៅមជ្ឈឹមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការ បាត់បង់ជីវិតមនុស្ស ៕