ភ្នំពេញ ៖ រយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើង សរុបចំនួន៣០ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១១៨នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១២ ស្របតាមបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេង ទំនើងនៅគ្រប់មូលដ្ឋាន។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការបង្ក្រាបក្មេងទំនើង មានប្រតិបត្តិការដូចភ្លៀងរលឹម ស្របការចេញបញ្ជាដ៏មុតមាំ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ។ រយៈពេល៥នេះ កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តបង្ក្រាបក្រុមក្មេងទំនើង ចំនួន៣០ករណី ឃាត់ខ្លួនយុវជន សរុបចំនួន១១៨នាក់ ក្នុងភូមិសាស្ត្រ១២រាជធានី-ខេត្ត មានការថយចុះ ធៀបនឹងកិច្ចប្រតិបត្តិការកន្លងទៅ ក្នុងនោះ បាត់ដំបងមាន៤ករណី ឃាត់ខ្លួន១៧នាក់ ព្រះវិហារ២ករណី ឃាត់ខ្លួន១៧នាក់ សៀមរាប១ករណី ឃាត់ខ្លួន១៦នាក់ ភ្នំពេញ៩ករណី ឃាត់ខ្លួន១៥នាក់ កំពង់ស្ពឺ២ករណី ឃាត់ខ្លួន១៣នាក់ បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន១២នាក់ ក្រចេះ៣ករណី ឃាត់ខ្លួន១១នាក់ តាកែវ២ករណី ឃាត់ខ្លួន៨នាក់ កំពង់ចាម១ករណី ឃាត់ខ្លួន៤នាក់ ពោធិសាត់១ករណី ឃាត់ខ្លួន៣នាក់ ព្រះសីហនុ១ករណី ឃាត់ខ្លួន១នាក់និងកំពត១ករណី ឃាត់ខ្លួនក្មេងទំនើង១នាក់។
ចំពោះប្រសិទ្ធភាព នៃការបង្ក្រាបក្មេងទំនើងយ៉ាងសកម្មនៅទូទាំងប្រទេសនេះ តើក្រុមក្មេងទំនើងទាំងនោះនឹងប្រឈមមុខវិធានការអ្វីខ្លះ បន្ទាប់ពីសមត្ថកិច្ច ចាប់ឃាត់ខ្លួន? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពួកគេនឹងប្រឈមុខវិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ។ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
បើតាមអ្នកនាំពាក្យរងដដែល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយ ក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុកដាក់ ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
គួរកត់សម្គាល់ថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការកន្លងទៅនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេងទំនើង ដែលឃាត់ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ និង២៨ ខែសភា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តទាំងពីរ និងរាជធានី ខេត្ត ផ្សេងទៀត បង្កើនការយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង ដោយភ្ជាប់នឹងការស្រាវជ្រាវឈានទៅបង្ក្រាបបទល្មើសគ្រឿងញៀន។ សូមបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ២៥ថ្ងៃក្រោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចេញបញ្ជាសមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងសរុបចំនួន ២៤៩ករណី ឃាត់ខ្លួនយុវជនសរុបចំនួនជាង ៩០០នាក់៕