ភ្នំពេញៈ សហភាពសហជីពកម្ពុជា-អាស៊ាន(CACU) នៅល្ងាចថ្ងៃទី១៧ ខែមិថុនានេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស ហៅកាត់ថា សង់ត្រាល់ ដែលចោទប្រកាន់ និងបំប៉ោងបញ្ហា បំភ្លៃការពិត ពីស្ថានភាពសហជីពនៅកម្ពុជា។
ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយ អង្គការសង់ត្រាល់បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ដែលមានចំណងជើងថា «របាយការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» ដែលមានចំនួន១២ទំព័រ។
សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា របាយការណ៍របស់ សង់ត្រាល់ មានខ្លឹមសារពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការ ILO BFC និង បញ្ហាដែលកើតឡើងរវាងសហជីព និង សហជីពនៅក្នុងក្រុមហ៊ុនមួយប៉ុណ្ណោះ។ ដែលខ្លឹមសារនោះ មិនស៊ីគ្នានឹងចំណងជើងនៃរបាយការណ៍ ហើយពុំអាចចាត់ទុកថាជាឧបសគ្គ រារាំងភាពជាតំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ និយាយឱ្យចំគឺ ជារបាយការណ៍ ចោទប្រកាន់ និងបំប៉ោងបញ្ហាបំភ្លៃការពិត។
សហភាពសហជីពកម្ពុជា-អាស៊ាន បញ្ជាក់ថា ពាក្យថាសហជីព គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើតឡើងដោយកម្មករ និយោជិត មួយក្រុម ដែលពួកគាត់បានមូលមតិគ្នាក្នុងការបង្កើតឡើង ក្នុងគោលបំណងសម្រាប់ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់។ នៅកម្ពុជាសហជីពណាក៏ឯករាជ្យដែរ គ្រាន់តែមានស្ថាប័នមួយចំនួនបានវាយតម្លៃ នាំឱ្យមានការប្រកាន់គ្នានឹងគ្នា ថាសហជីពនេះឯករាជ្យ សហជីពនោះមិនឯករាជ្យប៉ុណ្ណោះ។
ក្នុងសេចក្តីថ្លែងការណ៍នោះសរសេរថា៖«ជាក់ស្ដែងអ្វីដែលយើង ខ្ញុំតែងតែសង្កេតឃើញ គឺមាន សហព័ន្ធសហជីពមួយចំនួនចុះចងក្រងសហជីព តាមមូលដ្ឋានប៉ះចំមូលដ្ឋានមានសហជីពដែលគេចុះបញ្ជីមុន តែងតែធ្វើសកម្មភាពវាយប្រហារជាពាក្យសម្តីឬតាមរូបភាពផ្សេងៗដាក់គេមុន លុះពេលដែលគេតបត បែរជាចោទថាសហជីពម្ខាងទៀត មិនឯករាជ្យ សហជីពខាងនេះ ខាងនោះទៅវិញ»។
សហភាពសហជីពកម្ពុជា-អាស៊ាន សង្កេតឃើញថា សហព័ន្ធសហជីពខ្លះស្ថិតនៅក្រោមការបង្គាប់បញ្ហារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយបរទេស និងបម្រើនយោបាយឲ្យជនបរទេសខិលខូចនៅក្រោយខ្នងទៀតផង ហើយពួកគេតែងបញ្ជាឲ្យសហព័ន្ធសហជីពនោះ បង្កើតនូវរូបភាពឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្ខូច បំផ្លាញមុខមាត់ប្រទេសជាតិខ្លួន លើឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឲ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិភ័យបាត់បង់ការងារ និងខាតបង់លុយកាក់ទៀតផង។
យ៉ាងណាក៏ដោយ សហភាពសហជីពកម្ពុជា-អាស៊ាន បញ្ជាក់ថា បច្ចុប្បន្នការចុះបញ្ជី សហភាព សហព័ន្ធសហជីព សហជីពមូលដ្ឋានណាក៏អាចចុះបញ្ជីបានដែរ ឲ្យតែគោរពតាមលក្ខខណ្ឌដែលបានចែងក្នុងច្បាប់សហជីពតម្រូវបានត្រឹមត្រូវ។
ក្នុងសេចក្តីថ្លែងការណ៍នោះ សហភាពសហជីពកម្ពុជា-អាស៊ាន ស្នើឱ្យសង់ត្រាល់ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុន ដែលមានស្រាប់និងប៉ះពាល់ដល់អារម្មណ៏អ្នកវិនិយោគទុនថ្មីដែលមានបំណងចង់មកវិនិយោគទុននៅកម្ពុជា។
មិនតែប៉ុណ្ណោះ សហភាពសហជីពកម្ពុជា-អាស៊ាន បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ឋស្រាវជ្រាវ ចាត់វិធានការផ្លូវច្បាប់អ្នកនៅក្រោយខ្នងសង់ត្រាល់ ដែលលួចផ្ដល់ជំនួយហើយបញ្ជាឲ្យបំប៉ោងការពិតដើម្បីញុះញ៉ង់បំផ្លិចបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងចេតនាបង្ករអស្ថេរភាព មានចលាចលកើតឡើង នាំឲ្យខាតប្រយោជន៍បងប្អូនកម្មករនិយោជិត និងសង្គមជាតិ៕