ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ ចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា”

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុ នៃកិច្ចពិភាក្សាគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍​ ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា ជាមួយរដ្ឋាភិបាលកូរ៉េ។

ក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងលោក​ Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ​ និងតំណាងស្ថានទូតកូរ៉េលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីជម្រាបជូនលោក​ Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ​ និងលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទង នឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្តលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺៈ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ និងបានកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរនោះ ក្រសួងបានកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥រួមមានៈ (ទី១) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព​ អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, (ទី៣) ការអភិវឌ្ឍន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ, (ទី៤) ការធ្វើពិពិធកម្មជនបទ និងនវានុវត្តន៍ការងារ និង(ទី៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

លោករដ្ឋមន្ត្រី ក៏បានសំដែងការថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការគាំទ្រផ្នែកបច្ចេកទេស និងបានផ្តល់ជាហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនកន្លងមក។​

ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី បានស្នើសូម សាជីវកម្មសហគមន៍កូរ៉េ (KRC) បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងសូមឲ្យ KRC គាំទ្រសំណើគម្រោងថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឈ្មោះថា “Improvement of Household’s Income Through  Comprehensive Community Development” គ្រោងនឹងអនុវត្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០)។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងបន្តនិរន្តភាពនៃគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មនៅកម្ពុជា ព្រមទាំងផ្តោតសំខាន់លើការអភិវឌ្ឍន៍ភូមិនៅជនបទឲ្យក្លាយជាភូមិគំរូ សំដៅបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការបង្កើតឱកាសការងារនៅនឹងកន្លែង ដែលចូលរួមកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក។

ជាការឆ្លើយតបលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ក៏ដូចជាសូមទទួលយកសំណើរបស់លោករដ្ឋមន្ត្រីផងដែរ។

ជាកម្មវិធីបញ្ចប់ ជាការអញ្ជើញចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា” ដោយតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មសហគមន៍ជនបទកូរ៉េ៕

To Top