ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅសិង្ហបុរី ចាប់ពីថ្ងៃទី១៨-២០ មិថុនា

ភ្នំពេញ៖លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់សមភាគីសិង្ហបុរី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នាថ្ងៃទី១៨ មិថុនានេះ បានឲ្យដឹងទៀតថា លោករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកម្មវិធី សប្តាហ៍ទឹកអន្តរជាតិសិង្ហបុរីលើកទី១០ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត Marina Bay Sands ក្នុងប្រទេសសិង្ហបុរី រួមជាមួយនឹងកម្មវិធី CleanEnviro Summit Singapore ដែលរៀបចំដោយ ទីភ្នាក់ងារបរិស្ថានជាតិរបស់ប្រទេសសិង្ហបុរី។

កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី ជាវេទិកាមួយក្នុងចំណោមវេទិកាសំខាន់ៗ របស់ពិភពលោក ដើម្បីចែករំលែក និងសហការបង្កើតដំណោះស្រាយទឹក ឆ្នេរសមុទ្រ និងទឹកជំនន់ ប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីសប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី ប្រព្រឹត្តទៅក្នុងរយៈពេលពីរឆ្នាំម្តង ហើយនៅឆ្នាំ២០២៤ កម្មវិធីសប្តាហ៍ ទឹកអន្តរជាតិសិង្ហបុរី នឹងបន្តការចែករំលែកបទពិសោធន៍ និងការយល់ដឹងនៅក្នុងចំណោមថ្នាក់ដឹកនាំ និង អ្នកជំនាញ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីធនធានទឹកកម្ពុជា ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Grace Fu Hai Yien រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងចីរភាព នៃប្រទេសសិង្ហបុរី ៕

To Top