ភ្នំពេញ ៖ ដើម្បីរួមគ្នាការពារអាយុជីវិត និងសុខមាលភាព របស់ប្រជាជនកម្ពុជាក្រសួងបរិស្ថាន រួមទាំងសមាជិការ អន្តរក្រសួង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) បានប្តេជ្ញាចិត្តរួមគ្នា មួយក្នុងការសម្អាតទឹកទន្លេ គ្មានសំរាមផ្តល់នូវប្រភពទឹកស្អាត ដល់ពលរដ្ឋ រស់នៅតាមដងទន្លេសាប។

ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព(NCSD)។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យ ប្រជាជនកម្ពុជា គ្រប់រូបទទួលបាននូវសុខភាពល្អ ចាកផុតការឆ្លងជំងឺដង្កាត់នានា ដែលបណ្តាលមកពីកង្វះអនាម័យ ទឹកស្អាត និងចំណីអាហារ ជាពិសេសគឺបរិស្ថានស្អាតជុំវិញខ្លួនតែម្តង។

ដើម្បីឆ្លើយតបនឹងទស្សនវិស័យច្បាស់លាស់នេះហើយ ទើបក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព (NCSD) បានរៀបចំដាក់ចេញនូវទស្សនទាន (Concept Note) ដើម្បីសម្អាតផ្ទៃទឹកទន្លេសាបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព ដោយបានបែងចែកជា ៤ដំណាក់កាលធំៗ ក្នុងនោះរួមមាន៖ ទី១. កាត់បន្ថយការបំពុល ពីសំណល់ប្លាស្ទិក ហូរចូលទីក្នុងបឹងទន្លេសាប។ ទី២. កាត់បន្ថយពពួករុក្ខជាតិទឹកដែលរាតត្បាតក្នុងបឹង និងតំបន់ដីសើមជុំវិញ។ ទី៣. ធ្វើឱ្យមានរបរចិញ្ចឹមជីវិត បែបចម្រុះ (ពិពិធកម្មរបរចិញ្ចឹមជីវិត) នៅក្នុងមូលដ្ឋាន ដូចជាការផ្តល់សេវាទេសចរណ៍ ក្រៅពីការធ្វើរបរនេសាទត្រី ជាដើម។ និងទី៤. ការស្តារឡើងវិញនូវព្រៃលិចទឹក និងតំបន់ដីសើមជុំវិញតំបន់ ស្នូលនៃបឹងទន្លេសាប ដើម្បីធ្វើឱ្យបឹងទន្លេសាបកម្ពុជាមានផាសុកភាពឡើងវិញ លើសពីនេះ បឹងទន្លេសាប គឺជាប្រភពប្រូតេអ៊ីន និង ផ្តល់នូវសារធាតុចិញ្ចឹម ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប និងជាផ្នែកមួយដ៏ចម្បង នៃសេដ្ឋកិច្ចជាតិផងដែរ ៕




