ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការដ្ឋាន ស្ថាបនាស្ពានចំនួន៣កន្លែង និងផ្លូវចំនួន៤ខ្សែ ក្នុងខេត្តកំពង់ចាម ព្រៃវែង និងត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។
ការដ្ឋានស្ថាបនាផ្លូវ៤ខ្សែរួមមាន៖

ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវបេតុង មានប្រវែងសរុប ១១,៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ទៅភូមដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ផ្លូវនេះស្ថិតក្នុងក្រមខ័ណ្ឌ គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ ក្រោមហិរញ្ញប្បទាន របស់ធនាគារពិភពលោក ។

ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែងសរុប ២០,៣៥គីឡូម៉ែត្រ ទទឹង ខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ១ម៉ែត្រ ជាប្រភេទថ្មម៉ិច តភ្ជាប់ពីផ្លូវជាតិលេខ ១១ ត្រង់ចំណុច សាលឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំដូនកឹង ស្រុកចំចាយមារ ខេត្តព្រៃវែង។ ផ្លូវនេះ បានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតក្នុង ក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទាន បស់ធានាគារអភិវឌ្ឍន៍អាស៊ី។

ការដ្ឋានខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង មានប្រវែង ៧,២៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ក្រាលល្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺឃុំក្ដឿងរាយ និងឃុំកញ្ជ្រៀច ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចបាន ៨៩% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុក្រោមហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

ការដ្ឋានខ្សែផ្លូវទី៤ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និង មានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១៥,៥៥០គីឡូម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីភូមិជោរទីមួយ ឃុំក្រញូង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀចខេត្តព្រៃវែង។ ខ្សែផ្លូវនេះ មានសំណង់សិល្បការ្យ មួយចំនួន រួមមាន ស្ពានចំនួន ០១កន្លែង, លូប្រអប់ចំនួន ០២កន្លែង, លូមូល ចំនួន ៤៧ កន្លែង និងលូអក្សរអ៊ុយ ប្រវែង ៨៨០ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២១,១១% ហើយគ្រោងនឹង បញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី៕

















