ព័ត៌មានជាតិ

គោរមងារ «ឧកញ៉ា» ត្រូវបានបំផ្លាញជាហូរហែរក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ ជាការកត់សម្គាល់ នៅរយៈពេលមិនដល់ពីរឆ្នាំចុងក្រោយនេះ គោរមងារ «ឧកញ៉ា» ត្រូវបានបំផ្លិចបំផ្លាញ ជាហូរហែរ ដែលមានច្រើនសណ្ឋាន ដូចជា៖ ករណីឧកញ៉ាឆកបោក ឧកញ៉ាលក់ដីខ្យល់ ហើយថ្មីៗនេះ មានទាំង ឧកញ៉ា ចិត្តឆៅ ដកកាំភ្លើងបាញ់ប្រហារសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ។

គិតត្រឹមឆ្នាំ២០២៣-២០២៤នេះ បុគ្គលដែលដើរបំផ្លិចបំផ្លាញ គោរមងារ «ឧកញ៉ា» រួមមាន៖

១/ អតីតឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៣ នៅចំណុចការិយាល័យរបស់ក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបទឆបោក។

២/ អតីតឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវបានឃុំខ្លួន នៅក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆរបោក ប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគដីឡូតិ៍ នៅលើទឹកដីនៃខេត្តកំពត។

៣/ អតីតឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៊ីធីវើល» ត្រូវបានឃុំខ្លួន នៅក្នុងឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីឆបោកលុយ ប្រជាពលរដ្ឋរាប់លានដុល្លារ នៅខេត្តសៀមរាប។

ក្រៅពីអតីតឧកញ៉ាទាំងបីខាងលើ គេនៅសង្កេតឃើញបុគ្គលដែល គោរមងារ «ឧកញ៉ា» មួយចំនួនផ្សេងទៀត ដើរប្រព្រឹត្តអំពើ មិនគប្បីជាច្រើនទៀតផងដែរ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧកញ៉ា ចិត្តឆៅ ដែលគេស្គាល់ឈ្មោះថា ស្រី ស៊ីណា បានដកកាំភ្លើងបាញ់ប្រហារមនុស្ស បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ពីរនាក់ ទាំងដែលជិតដល់ថ្ងៃចូលរោងការថែមទៀតផង។

ជុំវិញករណីបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់នេះ លោក សយ សុភាព ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ បានបញ្ចេញជាមតិថា «ឧកញ៉ាថោក ចរិតតិរិច្ឆាន អ្នកឯងជាតិមុន ប្រហែលនៅឋាននរក ហើយលួចសុំ យមបាល មកចាប់ជាតិ ដើម្បីដើរបាញ់សម្លាប់ មនុស្សស្លូតត្រង់»៕

To Top