ព័ត៌មានជាតិ

ប្រធានាធិបតីសិង្ហបុរី បង្ហាញសុទិដ្ឋិនិយមថា សក្ដានុពល នៃធនធានមនុស្ស វ័យក្មេងរបស់កម្ពុជា គឺជាកម្លាំងចលករ ជំរុញការអភិវឌ្ឍ របស់កម្ពុជា លើគ្រប់វិស័យ

ភ្នំពេញ ៖ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី បានបង្ហាញសុទិដ្ឋិនិយមថា សក្ដានុពល នៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា គឺជាកម្លាំងចលករ នៃការជំរុញការអភិវឌ្ឍ របស់កម្ពុជាលើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សាការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្ដេច នៅសិង្ហបុរី នាល្ងាចថ្ងៃទី១៨​ មិថុនា លោក ប្រធានាធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់ លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើគ្រប់វិស័យ ដែលរួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្ស។

លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការ ជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈានទៅ រកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។

ជាការឆ្លើយតប សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំ ខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរ នឹងស្វែងរកនូវកិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនងធុរកិច្ច វិស័យឯកជន រដ្ឋាភិបាល និងសន្តិសុខ និងទិដ្ឋភាពលើវិស័យផ្សេងទៀត។

សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និងក្របខណ្ឌគោលនយោបាយនានា សម្រាប់កិច្ចការពារ ដល់បរិស្ថាន ជាពិសេសការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាពធន់ របស់សេដ្ឋកិច្ច នៃប្រទេសទាំងពីរ ដោយផ្តោតលើការពង្រីក ការប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលអាចឈានដល់ការ សម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។

ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ នឹងខិតខំពង្រឹកបន្ថែមនូវទំហំវិនិយោគ និងពាណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពីនេះ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ហិរញ្ញវត្ថុ និងធនាគារ និងបច្ចេកវិទ្យា។

សម្តេចធិបតី និងលោកប្រធានាធិបតី ក៏បានឯកភាពគ្នាលើកទឹកចិត្ត ដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរ ក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់លាក់លើកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងវិស័យផ្សេងៗផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោកប្រធានាធិបតី មានសុទិដ្ឋិនិយមថា នឹងបន្តមានការអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹងជាកត្តា កំណត់សម្រាប់កិច្ចសហប្រតិបត្តិការ និងការទទួលបាននូវវិបុលភាព នៅពេលអនាគតរវាងប្រទេសទាំងពីរ ៕

To Top