ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានឯកភាពក្នុងការជំរុញ កិច្ចសហប្រតិបតិ្តការ ឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ។
ការជំរុញខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនានេះ ។
ក្នុងជំនួបនេះ លោក នាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេច អំពីទំនាក់ទំនង ដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី នាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ច ដ៏កក់ក្តៅពីសំណាក់ លោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរ ចំពោះ លោ Lawrence Wong ដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។
ក្នុងជំនួបទ្វេភាគីនេះ សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍ លើវិស័យសំខាន់ៗ រួមមាន៖
(១) ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបន្តនូវកិច្ច ពិគ្រោះយោបល់ នយោបាយជាទៀង ទាត់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការ ជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការរៀបចំ ក្រុមការងាររួម ដើម្បីពិភាក្សា អំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់ តែប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និង ការវិនិយោគនៃប្រទេសទាំងពីរ (៣) ការបន្តកិច្ច សហប្រតិបត្តិការក្នុងការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរ ផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំ ទាក់ទាញភ្ញៀវទេសចរ ពីបណ្ដាប្រទេសផ្សងទៀត មកទស្សនាប្រទេសទាំងពីរ ។
ទី(៤) ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ បានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តី នៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ច នៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។
ក្រៅពីនេះ សមភាគីទាំងពីរ បានបន្តពិភាក្សាគ្នា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការ កសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល និងបានចូលរួមជាអធិបតីជាមួយ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើរដ្ឋាភិបាលឌីជីថល ។
ក្នុងនោះដែរសម្តេចធិបតី ក៏បានអញ្ជើញ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី មកបំពេញ ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលសមស្របណាមួយ ព្រមទាំងបានជូនពរលោកនិងគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលសិង្ហបុរី ឱ្យទទួលបាន ជោគជ័យ ក្នុងការងារដឹកនាំប្រទេសផងដែរ ៕