ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ១៩ មិថុនានេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » នាព្រឹកថ្ងៃទី១៩ ខែមិថុនា ក្នុងឱកាសបំពេញទស្សនកិច្ច នៅសិង្ហបុរី ។ វេទិកានេះមានវិនិយោគចូលរួមចំនួន ៤៨១នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ៣៤៨ ក្រុមហ៊ុន ។

រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងបន្តទាក់ទាញ វិនិយោគិនបរទេសនិយាយជារួម និងវិនិយោគិន សិង្ហបុរី និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុងគោលដៅផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម អំពីកម្ពុជាដល់វិនិយោគិនគ្រប់រូប ក្នុងការសិក្សាឈ្វេងយល់បន្ថែម អំពីឱកាសវិនិយោគ និងវិស័យសក្តានុពលដែលទីផ្សារកម្ពុជា កំពុងត្រូវការជាមួយនឹងកម្លាំងពលកម្ម យុវជនដែលមានអត្រាប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែមសម្រាប់កម្ពុជា ក្នុងការទាក់ទាញដល់វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលកសាងសេដ្ឋកិច្ចមូលដ្ឋាន ដល់ប្រជាពលរដ្ឋផងដែរ ៕






