ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និង អន្តរាគមន៍ បើកទ្វារទឹកនៅទំនប់ទី ៥ ដើម្បីជួយសង្រ្គោះ ដល់ដំណាំស្រូវវស្សា ដើមរដូវរបស់ប្រជាពលរដ្ឋចំនួន ៣ ឃុំគឺឃុំស្សា អន្លង់វិល និង ឃុំកណ្តៀង ស្រុកកណ្ដៀង នៃ ខេត្តពោធិ៍សាត់ ដែលកំពុងកង្វះខាតទឹក ខណះភ្លៀង ធ្លាក់មិនទាន់គ្រប់គ្រាន់។

លោកអភិបាលខេត្តបានលើកឡើងថា ការចុះមកនៅពេលនេះ គឺជាការឆ្លើយតបភ្លាមៗ តាមសំណូមពររបស់ប្រជាពលរដ្ឋ ជាក់ស្តែង យើងពិនិត្យជារួមស្ថានភាពកង្វះខាតទឹក ធ្វើស្រែវស្សាដើមរដូវនេះ គឺមិនខុសពីតំបន់ផ្សេងទៀតនោះទេ ដូចនេះហើយបានជាក្នុងកិច្វប្រជុំ គណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីម្សិលមិញ លោកបានណែនាំអោយមន្ទីរ ជំនាញធ្វើការបើកទឹកនៅទំនប់ទី ៥ ទាំងពីរទ្វារ ដើម្បីជួយសង្រ្គោះស្រូវវស្សា ដើមរដូវរបស់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក ។

លោកអភិបាលខេត្ត ក៍បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវរូមសហការគ្នាចុះ តាមដានពីស្ថានភាព នៃការបើក និង បិទទ្វារទឹកដើម្បីបញ្ជូនទឹក អោយបានដល់គោលដៅ ដែលកំពុងប្រឈមខ្លាំង ។
គួរបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤នេះល្បឿន នៃការបង្កបង្កើនផល ស្រូវរដូវវស្សាដើមរដូវ របស់ប្រជាពលរដ្ឋទូទាំង ខេត្ត សម្រេចភ្ជួរាស់បាន ៨៧,៨០៤ ហិចតាអនុវត្តដាំដុះបាន ៦៣,៣៤៨ ហិចតាស្មើរនឹង ៥០,៥៨ ភាគរយ នៃផែនការប្រចាំឆ្នាំសរុប ១២៥,២៤០ ហិចតា ៕

