កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២៤ នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី ៤ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ នៅសាលាខេត្តកំពង់ចាម ដោយកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ៣ ដើម្បីផ្សព្វផ្សាយ និងជារបាយការណ៍ ជូនជ្រាបដល់សមាជិក ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកំពង់ចាម ។

ប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន បានមានប្រសាសន៍ថា បន្ទាប់ពីរៀបចំពិធីប្រកាស ចូលកាន់តំណែង របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សានីមួយៗ ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់នូវវិធានទាំងឡាយសម្រាប់កិច្ចប្រជុំ និងរបៀបរបបបំពេញការងាររបស់ខ្លួន។
បទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើតាមទម្រង់ជាដីកា និងត្រូវអនុម័តនៅក្នុង កិច្ចប្រជុំសាមញ្ញលើកទី២ ដែលនឹងប្រព្រឹត្តទៅមិនឱ្យមុនម្ភៃប្រាំ (២៥)ថ្ងៃ ឬលើសពីសាមសិបប្រាំ (៣៥)ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១។
ដើម្បីឱ្យក្រុមប្រឹក្សា មានមូលដ្ឋានក្នុងការរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា តាមច្បាប់កំណត់ ក្រសួងមហាផ្ទៃបានរៀបចំគំរូបទបញ្ជាផ្ទៃក្នុង ដូចមានភ្ជាប់មកជា មួយសេចក្តីណែនាំនេះ។

គំរូបទបញ្ជាផ្ទៃក្នុងនេះ គ្រាន់តែជាឯកសារមូលដ្ឋាន សម្រាប់ឱ្យក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ពិនិត្យ ពិចារណា និងរៀបចំនូវបទបញ្ជាផ្ទៃក្នុង របស់ខ្លួនឱ្យបានសមស្រប តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ខ្លឹមសារនៃគំរូបានចែងនូវលក្ខខណ្ឌជាអប្បបរមា ក្នុងការកំណត់នូវវិធានទាំងឡាយសម្រាប់ដំណើរការកិច្ចប្រជុំ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនតែប៉ុណ្ណោះ ។ ផ្អែកតាមគំរូបទបញ្ជាផ្ទៃក្នុងនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការពិនិត្យ ឬកែសម្រួលពេញបន្ថែម ឱ្យស្របតាមស្ថានភាពជាក់ស្តែង នៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួន ។
សូមបញ្ជាក់ផងដែរថា របៀបវារៈ នៃការប្រជុំសាមញ្ញលើកទី១ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម មានដូចខាងក្រោម ៖
ទី១ ៖ ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ។
ទី២ ៖ ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល ៦ខែលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម ។
ទី៣ ៖ ការរាយការណ៍អំពីលទ្ធផល ការងាររបស់រដ្ឋបាលខេត្ត នៅក្នុងអាណត្តិ ដឹកនាំរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្ត។
បញ្ហាផ្សេងៗ ៕
