ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាវិទ្យាស្ថាន ពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត (Nanyang Polytechnic and Centre of Innovation for Electronics & Internet of things ) នៃសាធារណរដ្ឋសិង្ហបុរី ។

វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ត្រូវបានបង្កើតឡើងជាគ្រឹះស្ថាន ឧត្តមសិក្សាក្នុងឆ្នាំ១៩៩២ និងជាទីតាំង សម្រាប់សាលាសិក្សាចំនួន៦ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលកម្រិតខ្ពស់ តាមរយៈវគ្គសិក្សាពេញម៉ោងចំនួន ៣៧ និងកម្មវិធីសិក្សាទូទៅ ។ លើសពីនេះ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ក៏ផ្តល់នូវជម្រើស ដ៏សម្បូរបែបសម្រាប់ការអប់រំ និង ការបណ្តុះបណ្តាលបន្ត (CET) សម្រាប់ការសិក្សាពេញមួយជីវិត ដែលរួមមាន ឯកទេស និងសញ្ញាបត្រកម្រិតខ្ពស់ ព្រមទាំងវគ្គសិក្សាជំនាញ សម្រាប់អនាគត (SkillsFuture) ៕





















