ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា គ្រោងបំពេញទស្សកិច្ចផ្លូវការ និងមិត្តភាពនៅថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ ។
ការបំពេញទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា តបតាមការអញ្ជើញ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភាថៃ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិត្តិការសភា ប្រទេសទំាងពីរកាន់តែស៊ីជម្រៅ ស្របតាមកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីបម្រើផលប្រយោជន៍ប្រជាជន នៃប្រទេសទំាងពីរបានច្រើនឡើងថែមទៀត ។
ទៅប្រទេសថៃ ជាដំណើរទស្សនកិច្ចផ្លូវការ នៅក្រៅប្រទេសលើក៤ របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧ បានបង្កើតឡើង។ ក្នុងបេសកកម្មការទូតសភា ជាការងារ អាទិភាព របស់រដ្ឋសភានីតិកាលទី៧ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ ប្រជាពលរដ្ឋ និងការលើកកម្ពស់ កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ។
នៅដើមនីតិកាលទី៧នេះ សម្តេចរដ្ឋសភាធិបតី បានបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអន្តរសភា នៅវៀតណាម ឡាវ និងបារំាង។ តាមគម្រោងក្រៅពីការបំពេញទស្សនកិច្ចនៅថៃ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងបំពេញទស្សនកិច្ចនៅចិន នាពេលខាងមុខផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅថៃ សម្តេចប្រធានរដ្ឋសភាគ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ ជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីថៃ និងជួបពិភាក្សា ការងារ ទ្វេភាគីជាមួយសមភាគីលោក វ៉ាន់មូហាម៉ាត់ ណមៈថា ប្រធានរដ្ឋសភាថៃ ដើម្បីពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ សភាប្រទេសទំាងពីរ ទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ ប្រធានរដ្ឋសភាប្រទេសទំាងពីរ អាចនឹងឈានដល់ការចុះហត្ថលេខារួមគ្នា លើការកែសម្រួល អនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរឲ្យស្រប តាមសភាពការណ៍ជាស្តែងនៅ ដើម្បីឆ្លើយតបដល់ប្រសិទ្ធភាព នៅនៃការលើកកម្ពស់ កិច្ចសហប្រតិបត្តិការរដ្ឋសភា ប្រទេសទំាងពីរ ឲ្យបានខ្ពស់ឡើង បម្រើផលប្រយោជន៍ដល់ប្រជាជាន នៃប្រទេសទំាងពីរ កាន់តែមានប្រសិទ្ធភាព ។ អនុស្សារណៈនៃការយោគយល់គ្នារនៃរដ្ឋសភាប្រទេសទំាងពីរ ចាស់បានធ្វើឡើងតំាងពីឆ្នាំ២០០៧មកម្លេះ។
ជាការកត់សម្គាល់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទាញយកផលប្រយោជន៍ពីការងារការទូតសភា ជាច្រើនដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចបានប្រើប្រាស់ទេពកោសល្យការទូត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភា ភ្ជាប់ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភាបណ្តាប្រទេសជាមិត្ត លើកកម្ពស់ទំនាក់ទំនង ប្រជាជននិងប្រជាជន នៅក្នុងការទាញផលប្រយោជន៍ដល់វិស័យទេសចរណ៍ ការធ្វើវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាការស្វែង រកទីផ្សារសម្រាប់វិស័យកសិកម្ម កសិឧស្សាហកម្ម និងកម្មវិធីបណ្តុះបណ្តាលកសាងធនធានមនុស្សដល់យុវជន ព្រមទំាងការអភិវឌ្ឍន៍វិស័យជាច្រើនទៀត ជូនប្រទេសជាតិ ។
ជាមួយគ្នានេះ សម្តេចបានចាត់ទុកការងារការទូត សភាមានសារៈសំខាន់បំផុតនាពេលបច្ចុប្បន្នដើម្បីធានា ការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាជាតិទូទំាងសកលលោកផងដែរ នៅក្នុងកាលៈទេសៈនៃការប្រែប្រួលមិនទៀងទាត់ និងឆាប់រហ័ស របស់ពិភពលោក ។
សូមជម្រាបថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ថ្នាក់ដឹកនាំកម្ពុជា និងថៃ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះមានលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងឆ្នាំ២០២៣ ហើយលោកវ៉ាន់មូហាម៉ាត់ ណ មៈថា បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពី ខែមីនាឆ្នាំ២០២៤ ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញទស្សនកិច្ចនៅថៃ កាលពីថ្ងៃទី៧ កុម្ភៈ កន្លងមកថ្មីៗនេះដែរ៕