កំពង់ស្ពឺ ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្ត២គ្រឿងបុកគ្នា នៅចំណុចមុខផ្សារកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៤៧-៤៨ ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤។

សមត្ថកិច្ចក្រុងច្បារមន បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3A-1367 បើកពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងត្រលប់ ទៅទិសខាងលិច ដោយអ្នកបើកបរឈ្មោះសាន គឹម ស្រ៊ាន ភេទប្រុសអាយុ២៧ឆ្នាំ មានអ្នករួមដំណើរ២នាក់ មានឈ្មោះម៉ៅ សុខសាន ភេទប្រុសអាយុ៥៧ឆ្នាំ និងឈ្មោះញឹម បញ្ញា ភេទប្រុសអាយុ២៥ឆ្នាំ អ្នកទាំង៣នាក់ រស់នៅភូមិព្រះប្រសព្វ ឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបុករថយន្តម៉ាក់កុងតឺន័រ ពាក់ផ្លាកលេខភ្នំពេញ3G-2717 សណ្តោងរ៉ឺម៉កពីក្រោយពាក់ផ្លាកលេខ ត្បូងឃ្មុំ4A-0179បើកពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (ចុះរត់គេច) ខណៈនោះរថយន្តបានរ៉េចង្កូតទៅបុកតូបលក់ខោ-អាវផងដែរ ។

សមត្ថកិច្ចបន្តទៀតថា ចំណែកអ្នករងរបួសទាំង៣នាក់ ត្រូវបានមន្ត្រីជំនាញហៅ រថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងរថយន្តទាំង២គ្រឿង បានប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតីវិធី ៕


