ព័ត៌មានជាតិ

ថាមភាព នៃពាណិជ្ជកម្ម និងវិនិយោគ កម្ពុជាចិន

ខ្ញុំសូមរំឭកផងដែរថា ប្រទេសចិននិងកម្ពុជា មិនត្រឹមជាប្រទេសជិតខាងល្អតែប៉ុណ្ណោះ ប្រទេសទាំងពីរនេះ ត្រូវបានពលរដ្ឋរបស់ខ្លួន ប្រសិទ្ធនាមថា ជាបងប្អូនល្អនឹងគ្នា ដែលមានប្រវត្តិទំនាក់ទំនង ជាប្រពៃណីនិងជាមេត្រីភាព តាំងពីយូរយារណាស់មកហើយ ។ រហូតមកដល់ពេលនេះ ការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគីនេះ មានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ ក្រោយអនុវត្តបន្តពីមួយជំនាន់ ទៅមួយជំនាន់ទៀត ។ ប្រទេសយើងទាំងពីរ បានភ្ញាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោមស្នាព្រហស្ថ ព្រះបរមរតនកោដិ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ។ ទំនាក់ទំនងបានបន្តជារៀងមក រហូតដល់ក្លាយទៅជាដៃគូ យុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយ លើគ្រប់វិស័យនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជិនភីង ប្រធាននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរួមចំណែក ក្នុងការរឹតចំណងសាមគ្គីភាពរវាងប្រទេស និង ប្រទេស ក្នុងភាពជាដៃគូស្មើមុខ ស្មើមាត់គ្នា ។ ចាប់តាំងពីពេលនោះមក ប្រទេសយើងទាំងពីរបានធ្វើការពង្រឹង ទំនាក់ទំនងកាន់រឹងមាំឡើងៗ រហូតដល់ទំនាក់ទំនងនេះ ក្លាយទៅជា ដៃគូ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យចំនួន៦ រួមមាន វិស័យនយោបាយ ពង្រឹងសមត្ថភាព ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និង ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។

រហូតមកដល់ពេលបច្ចប្បន្ន ប្រទេសទាំងពីរចិននិងកម្ពុជា ទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ៤ ៣២០ លានដុល្លារ នៅឆ្នាំ២០១៥ មក ១២ ២៦៥លានដុល្លារ នៅឆ្នាំ២០២៣ ។ ក្នុងរយៈពេល៥ខែ ឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជាមានដល់ទៅ ៥ ៩៩០ លានដុល្លារ អាមេរិក កើនឡើង ១៨% បើប្រៀបធៀបនឹងប្រាំខែដូចគ្នា នៅឆ្នាំ២០២៣ ។ ប្រទេសទាំងពីរ មានជំនឿចិត្តថា នឹងសម្រេចគោលដៅ ដែលមានទំហំ ពាណិជ្ជកម្ម ទ្វេភាគី កាន់តែច្រើន ដោយផ្អែកកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជាចិន និង កិច្ចព្រមព្រៀមដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានបង្កើតច្រករបៀងសេដ្ឋកិច្ចជាច្រើន សម្រាប់កម្ពុជានិងចិន។ លើសពីនេះទៀត កម្ពុជាបាននាំចេញអង្ករ មៀន ស្វាយ ដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង និង កៅស៊ូ ទៅកាន់ប្រទេសចិន ។

ជាមួយគ្នានេះដែរ កម្ពុជា បានធ្វើការនាំចូលពីប្រទេសចិនមកវិញនូវវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ និង វាយនភណ្ឌ ដែលក្នុងនោះរួមមាន សំលៀកបំពាក់ ស្បែកជើង និង កាបូបធ្វើដំណើរ ក្នុង ទំហំទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ការនាំចូលវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរនេះ បានរួមចំណែក ក្នុងការបង្កើតតម្លៃបន្ថែមប្រមាណ ៦ពាន់លានដុល្លារ ទៅក្នុងចំណូលជាតិរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ បើទោះក្នុងឆ្នាំនេះ ជាឆ្នាំនៃការធ្លាក់ចុះនៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង កាបូបក៏ដោយ។ វិស័យនេះ ក៏រួមចំណែក្នុងការបង្កើតការងារ ជូនដល់ពលរដ្ឋកម្ពុជាប្រមាណ ១ លាននាក់ ជាពិសេសយុវជន យុវតី នៅតាមតំបន់ជនបទ ។

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសរបស់ចិន នៅកម្ពុជាមានរហូតដល់ទៅ ៥ កន្លែង រួមមាន Dragon King SEZ, Shandong Sunshell SEZ, Qilu (Jian Pu Zhai) SEZ, Sihanoukville SEZ2, និង Sihanoukvill SEZ1 ដែលបានផ្តល់ការងារ យ៉ាងសន្ធឹកសន្ធាប់ ដល់ពលរដ្ឋកម្ពុជា រួមចំណែកក្នុងការផ្តល់ ប្រាក់ចំណូលដល់គ្រួសារ តាមការទទួលបានប្រាក់ឈ្នួល ពលកម្មតែប៉ុណ្ណោះទេ បានផ្តល់ប្រាក់ចំណូល ដល់សេដ្ឋកិច្ចកម្ពុជា ទាំងមូលតាមរយៈការនាំចេញ ទៅកាន់ទីផ្សារធំៗនៅលើសាកលោកផងដែរ ។

មិនថាស្ថិតនៅក្នុងកាលៈទេសៈណា ភាគីចិនតែងតែផ្តោតការយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយផ្តល់ការជ្រោមជ្រែងគាំទ្រ ដល់ប្រទេសកម្ពុជា ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសមស្របនឹង ស្ថានភាពរបស់ប្រទេសខ្លួន ។ ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការរក្សា ស្ថិរភាព និងពន្លឿនការអភិវឌ្ឍ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងកម្ពុជាឲ្យកាន់ តែមានភាព ស៊ីជម្រៅ ដោយមិនងាករេ។ ព្រមជាមួយគ្នានេះ សហគ្រាសចិន បានជួយកសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដោយបានរួមវិភាគទាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសកម្ពុជាផងដែរ។ ដោយសារកសិកម្មកម្ពុជានៅមានភាពទន់ខ្សោយបន្តិច ហេតុដូច្នេះ ប្រទេសចិនបានផ្តល់ការជួយឧប្ថតម្ភគ្រប់បែបយ៉ាង លើវិស័យកសិកម្មដល់កម្ពុជា ដែលក្នុងនោះរួមមានទាំង បច្ចេកទេសដាំដំណាំ ប្រព័ន្ធធារា សាស្ត្រ និងការនាំចេញអង្ករជាដើម ដោយបានផ្តល់នូវការជួយជ្រោមជ្រែង យ៉ាងជាក់ស្តែងដល់កសិករកម្ពុជា ។

ប្រទេសកម្ពុជាបានគាំទ្រ នូវគំនិតផ្តួចផ្តើមអំពីយុទ្ធសាស្ត្រ ”ខ្សែក្រវាត់មួយនិងផ្លូវមួយ” និងចូលរួមយ៉ាងសកម្ម ជាមួយធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលលើកឡើងដោយប្រទេសចិន ។
ជាមួយគ្នានេះដែរ កម្ពុជា ក៏បានដើរតួនាទីជា សម្របសម្រួលក្នុងវេទិកាអាស៊ានចិន ក្នុងឋានៈខ្លួនជាប្រធានអាស៊ានប្តូរវេន និង បានធ្វើកិច្ចសហការជាច្រើន ទៀត រួមមានកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជាចិន កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យការពារជាតិ សន្តិសុខជាតិ ការធ្វើសមយុទ្ធនាគមាស ផងដែរ ៕

ដោយ គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top