ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរ ក្នុងថ្ងៃមីទ្ទិញ អបអរខួបទី៧៣​ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលធ្វេីឡេីងនៅថ្ងៃទី២៨ មិថុនា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទី គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួប លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាន នូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទ ដូចបានជម្រាបជូនដោយអនុគ្រោះ ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរ ជាធម្មតាវិញ ៕

To Top