ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺមានរយៈពេល៤៧ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យទើប ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏សែនលំបាកបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្ររំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត៕

