ភ្នំពេញ ៖ ចំថ្ងៃខួបលើកទី៤៧ នៃថ្ងៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា «គ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ» ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ២០ មិថុនា សម្ដេចតេជោបានសរសេររៀបរាប់យ៉ាងដូច្នេះថា «ទោះពេលវេលា បានកន្លងហួស រយៈពេល៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញ ដល់រឿងរ៉ាវ ដែលបានជួបប្រទះ កាលពីថ្ងៃ២០មិថុនា១៩៧៧ ទឹកភ្នែកខ្ញុំ តែងស្រក់ចុះមកជាប់មិនដាច់ ។ ពិតជាខ្លោចផ្សានិងឈឺចាប់ រកពាក្យនិយាយមិនបាន ។ យើងមានតែជីវិតប៉ុណ្ណោះ ធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើ នឹងមានអ្វីកើតឡើងនាពេល៤៥ ឆ្នាំកន្លងមកនេះ? ។ យកជីវិតទៅប្តូរយកការរស់រាន មានជីវិតរបស់ប្រជាជន ។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយ ឈ្នះ ឈ្នះ ។ យកអំណាចទៅប្តូរ ជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង តាមរយៈផ្ទេរការ ដឹកនាំពីជំនាន់ចាស់ ទៅកាន់ជំនាន់ថ្មី»។
សម្ដេចគូសបញ្ជាក់ថា «ចូរចងចាំថាគ្មានជោគជ័យឬ លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ»៕