កណ្ដាល ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល។
ពិធីនេះក៏មានការចូលរួមពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ព្រមទាំងមេបញ្ជាការនៃ កងកម្លាំងប្រដាប់អាវុធខេត្តទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបជាង ៤៥០នាក់។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ៗចំនួន៥ ៖ ទី១.ពង្រឹងការយល់ដឹងពីតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ ទី២.ក្លាយខ្លួនជាអ្នកនាំពាក្យប្រកបដោយគុណវុឌ្ឍិ គុណភាព និងគុណធម៌ ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ទី៤.ពង្រឹងការយល់ដឹងពីរបៀបឆ្លើយតប ជាមួយអ្នកសារព័ត៌មាន និងទី៥.ចូលរួមចំណែកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយការរីកចម្រើននិងចីរកាល ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ សហការរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្តាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តចុះរៀបចំវគ្គបណ្តុះបណ្តាល នៅតាមបណ្តាខេត្តផ្សេងៗទៀត ជាបន្តបន្ទាប់៕