ភ្នំពេញ៖ លោក តូ ឡឹម(TÔ LÂM) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម បានទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធ ជាមួយសម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
តាមរយៈលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ លោក តូ ឡឹម បានបង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយនឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់សម្ដេចតេជោ ក្នុងឱកាសរូបលោកត្រូវបានរដ្ឋសភាបោះឆ្នោត ជ្រើសតាំង ជាប្រធានរដ្ឋវៀតណាម។
លោកថា នេះជាមហាកិត្តិយស និងទំនួលខុសត្រូវដ៏ឧត្តុងឧត្តម និងជាកាលានុវត្តភាពសម្រាប់រូបលោកនិងបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ ផ្សេងៗទៀតរបស់វៀតណាមខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រទេសជាតិ និងប្រជាជនវៀតណាម។
លោក តូ ឡឹម បញ្ជាក់ថា «ក្នុងតួនាទីថ្មីរបស់ខ្លួន ខ្ញុំទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធជាមួយសម្ដេចតេជោប្រធាន ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង រវាងវៀតណាមនិងកម្ពុជា ដើម្បីការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព ស្ថរិភាព កិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់និងលើពិភពលោក»៕


