កំពង់ស្ពឺ៖ អាជ្ញាធរស្រុកថ្ពងបានឲ្យដឹង នៅថ្ងៃ២០ មិថុនានេះថា ដំណាំស្រូវប្រជាកសិករដ្ឋប្រមាណជាង ១០ហិតា ក្នុងភូមិសាស្ត្រស្រុកថ្ពង ខេត្តកំពង់ស្ពឺត្រូវបានហ្វូងដង្កូវ ស៊ីបំផ្លាញក្នុងរដូវវស្សានេះ ខណៈក្នុងរយៈពេលប៉ុន្មានមកនេះ មានហ្វូងដង្កូវស៊ីដំណាំស្រូវរបស់កសិករនៅខេត្តមួយចំនួន

លោក ចែម ភឺនរីមវុទ្ឋី អភិបាលស្រុកថ្ពងបានប្រាប់ឲ្យក្រុមអ្នកយកព័ត៌មានថា សត្វដង្កូវនេះ បានបំផ្លាញស្រូវនៅឃុំចំនួន២ ក្នុងស្រុកថ្ពង ដោយនៅឃុំរុងរឿង ចំនួន៥ភូមិ ត្រូវហ្វូងដង្កូវស៊ីបំផ្លាញ៥ហិតា និងឃុំប្រាំបីមុមអស់៥ហិកតា។

លោកបន្តទៀតថា ទោះជាបច្ចុប្បន្នហ្វូងដង្កូវទាំងនោះ បានវិវឌ្ឍន៍ទៅជាមេអំបៅខ្លះហើយក្តី ក៏មន្ត្រីជំនាញក្រសួង និងមន្ត្រីមន្ទីរកសិកម្ម នៅតែសហការគ្នាកំចាត់ដោយវិធីផ្សេងៗ ពិសេសបាញ់ថ្នាំសម្លាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ទិន្នផលស្រូវ របស់ប្រជាពលរដ្ឋផ្សេងទៀត។

លោកបញ្ជាក់ថា មន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីវិធីសាស្រ្តចំនួន៣ ដើម្បីបង្ការផលប៉ះពាល់ពីដង្កូវហ្វូងនេះគឺ៖ ទី១. ត្រូវប្រើអន្ទាក់ជូរអែមនៅពេលយប់ , ទី២. ត្រូវជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សង់ទីម៉ែត្រ និងជម្រៅ២០សង់ទីម៉ែត្រ រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅ ដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង ក្នុងករណីចម្ការ ឬស្រែ គ្មានទឹក និងវិធីសាស្ត្រទី៣. ប្រសិនបើវិធីសាស្ត្រទាំង២នេះ គ្មានប្រសិទ្ធភាពនោះ គឺការបាញ់ថ្នាំសម្លាប់សត្វល្អិត៕

