ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានថ្លែងថា ការរួមចំណែកពីវិស័យឯកជន ដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនមនុស្សធម៌ នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅ កាន់ពិភពលោកដែលគ្មានមីន។
ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ភាពជាដៃគូវិស័យឯកជនឆ្ពោះទៅរក ពិភពលោកមួយដែលគ្មានមីន” “Private Sector Partnership Towards A Mine-Free World” នៅប្រទេសស្វីសនាថ្ងៃទី១៨ មិថុនា។

ក្នុងកិច្ចប្រជុំនេះ តំណាងវិស័យឯកជនកម្ពុជា ក៏បានចូលរួមជាវគ្មិនចែករំលែកនូវទស្សនៈវិស័យ និងទិដ្ឋភាពទូទៅរបស់ខ្លួន សម្រាប់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន លោក Gabriel Tan តំណាងមូលនិធិព្រីនស៍ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្ពុជាប្រចាំកម្ពុជា និងលោក Albert Tan អនុប្រធាន TAFTAC។

កិច្ចប្រជុំនេះ បានផ្តោតលើភាពជាដៃគូដ៏មានសក្ដានុពល និងអាចដោះស្រាយវិបត្តិមីនជាសកល ក៏ដូចជាបង្ហាញពីវិធីជាច្រើនដែលវិស័យឯកជន អាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះទៅ កាន់ពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំនេះ នឹងផ្តល់ការយល់ដឹង និងយុទ្ធសាស្ត្រដ៏មានតម្លៃសម្រាប់ការ ជំរុញភាពជាដៃគូដ៏រឹងមាំរវាងវិស័យឯកជន និងភាគីពាក់ព័ន្ធការបោសសម្អាតមីនមនុស្សធម៌។

លោកបណ្ឌិត លី ធុជ បានលើកឡើងថា គ្រាប់មីនបន្តគំរាមកំហែងដល់អាយុជីវិត រំខានដល់ការចិញ្ចឹមជីវិត និងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលជាឧបសគ្គដ៏ធំធេងចំពោះសុខសន្តិភាព ប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក។ ទោះបីជាមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ ដែលធ្វើឡើងតាមរយៈសន្ធិសញ្ញាអន្តរជាតិ និងការផ្តួចផ្តើមការដោះមីនក៏ដោយ ក៏បញ្ហាប្រឈមនៅតែមានច្រើន និងទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅគ្រប់វិស័យ។
លោកបណ្ឌិត លី ធុជ បន្តទៀតថា វិស័យឯកជនដែលមានធនធានច្រើន មានជំនាញ និងសមត្ថភាពច្នៃប្រឌិត គឺមិនអាចខ្វះបាននៅក្នុងបេសកកម្មនេះ។ ការរួមចំណែកពីវិស័យឯកជន នឹងអាចជួយដោះស្រាយវិបត្តិមីនជាសកល និងបង្កើនល្បឿននៃការធ្វើដំណើរឆ្ពោះ ទៅកាន់ពិភពលោកដែលគ្មានមីន។ ការរួមចំណែកនេះ កំពុងជំរុញការច្នៃប្រឌិត និងការបង្កើតការគាំទ្រប្រកបដោយនិរន្តរភាព សម្រាប់គំនិតផ្តួចផ្តើមការដោះមីន និងសុខុមាលភាពសង្គម ៕
