ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី អ៊ឹម រចនា បានឲ្យដឹងថា គិតមកដល់រាត្រីថ្ងៃ២០ មិថុនានេះ សត្វដង្កូវដែលឆ្លងមកពីថៃ បានបំផ្លិចបំផ្លាញផលដំណាំ ប្រជាពលរដ្ឋដូចជា ដំឡូងមី និងស្រូវ អស់ចំនួន១០ខេត្ត ចាប់តាំងពីមេអំបៅ បានបម្លាប់ទីពីថៃ មកកម្ពុជា ហើយវិវត្តន៍ទៅជាសត្វដង្កូវ កាលពីប្រមាណ ជា២សប្តាហ៍មុន ខណៈក្រុមមន្រ្តីកសិកម្ម បាននិងកំពុងចុះអន្តរាគមន៍ ក្នុងការកំចាត់សត្វដង្កូវចង្រៃនេះ ។

លោកស្រី អ៊ឹម រចនា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ២១ មិថុនាថា ជាមួយនឹងការបំផ្លាញ ពីសំណាក់សត្វដង្កូវ ដែលមានរយៈពេលជិតកន្លះខែមកនេះ មន្រ្តីរបស់ក្រសួងកសិកម្ម ទាំងនៅថ្នាក់ក្រសួង ថ្នាក់ខេត្ត ស្រុក និងឃុំ មិនព្រងើយកន្តើយឡើយ គឺបានចុះអន្តរាគមន៍ភ្លាមៗ ដោយបានផ្តល់បច្ចេកទេស ក្នុងការកំចាត់សត្វដង្កូវនេះ ដើម្បីកុំឲ្យរីករាលដាលបន្តទៀត ។ ចំពោះបណ្តាខេត្ត ដែលមិនទាន់មានវត្តមានសត្វដង្កូវទៅដល់ ក៏ក្រុមមន្រ្តីកសិកកម្ម ចុះទៅធ្វើការងារនេះផងដែរ ដើម្បីបង្ការទុកជាមុន ។ នេះបើតាមលោកស្រី អ៊ឹម រចនាដដែល ។

លោកស្រីថា “ដើម្បីឆ្លើយតបបញ្ហានេះ ក្រសួងចាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរនៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងមន្រ្តីកសិកម្មឃុំរបស់យើង បានចុះទៅធ្វើអន្តរាគមន៍ធ្វើការជាមួយពលរដ្ឋ ដើម្បីផ្តល់បច្ចេកទេសក្នុងការបំផ្លាញដង្កូវនេះ នៅតាមទីតាំងមួយចំនួនដែលមានការរាតត្បាត ។

សត្វដង្កូវបំផ្លាញដំណាំពលរដ្ឋ នៅតាមបណ្តាខេត្តទាំង១០នោះរួមមាន ៖ កំពង់ចាម , កំពង់ឆ្នាំង , កំពង់ធំ , ក្រចេះ , ព្រះវិហារ , សៀមរាប , ស្ទឹងត្រែង , តាកែវ , ប៉ៃលិន និងត្បូងឃ្មុំ ដោយបានប៉ះពាល់ផ្ទៃដីដំណាំស្រូវ១០ ៦៨៩ ហិកតា ។ សម្រាប់ដំណាំសាកវប្បកម្ម និងដំណាំរួមផ្សំ ប៉ះពាល់ផ្ទៃដី៥២ហិកតា ។ ចំណែក ដំណាំឧស្សាហកម្មវិញប៉ះពាល់ផ្ទៃដី៣ ០៦៤ហិកតា ។

ចំពោះខេត្តទាំង១០នេះ ដែលមានសត្វដង្កូវបំផ្លាញស្រូវ និងដំណាំនេះ អ្នកនាំពាក្យក្រសួងកសិកម្មក៏បានអះអាងដែរថា មិនមាននៅគ្រប់ភូមិ ឃុំ ស្រុកនោះទេ គឺមានដោយតំបន់ប៉ុណ្ណោះ ៕
