ព័ត៌មានជាតិ

មេទ័ពជើងគោក កម្ពុជា-រុស្ស៊ី ចុះហត្ថលេខារួមគ្នាលើអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៅរដ្ឋធានីមូស្គូ

ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា និងមេបញ្ជាការកងទ័ពនៃសព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២០ មិថុនា បានចុះហត្ថលេខារួមគ្នា លើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ដែលធ្វើឡើងនៅទីស្តីការការពារជាតិនៃសហព័ន្ធរុស្ស៊ី រដ្ឋធានមូស្គូ ។

ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹង លោក នាយឧត្តមសេនីយ៍ អាឡិក សាលលូកូវ (Oleg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជា ផ្សព្វផ្សាយថ្ងៃទី២១ មិថុនានេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងជំនួបនេះ សមភាគីទាំងពីរ បានសម្តែងនូវមោទកភាព ចំពោះទំនាក់ទំនងមិត្តភាព ប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមរតកបន្សល់ទុក ដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេស ចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកគួរឱ្យកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និងរវាងប្រជាជន។

សមភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-រុស្ស៊ី និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលបានបោះជំហានទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ក្នុងឱកាសនៃជំនួបពិភាក្សាទ្វេភាគីនេះ និងដោយមានការអនុញ្ញាត ពីក្រសួងការពារជាតិនៃ ប្រទេសទាំងពីរ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-រុស្ស៊ី បានសម្រេចចុះហត្ថលេខារួមគ្នាលើឯកសារ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង កងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពឲ្យកាន់តែជិតស្និទ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ ឯកសារនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក និងជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត៕

To Top