ព័ត៌មានជាតិ

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារព័ត៌មាន សម្តេចធិបតីនាយករដ្ឋមន្ត្រីដឹកនាំដោយលោក គួច វែងស៊្រុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) បានទទួលប្រភពទឹកមកពីតាមបណ្តាអូរ និងស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសក្តានុពលគ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១នៃក្រុង-ស្រុកចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យគឺ ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ។ ការងារសំខាន់ៗ របស់គម្រោងរួមមាន៖ ១)ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ ២)សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និង ៣)សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ បើគិតមកដល់ខែមិថុនា ឆ្នាំ២០២៤នេះ វឌ្ឍនភាពគម្រោងសម្រេចបាន ៤៦,៩៧%។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ជាក់ស្តែងតាមទីតាំងសំខាន់ៗ របស់គម្រោង ១)អាងទឹកវាំងហែងដែលមានផ្ទៃអាងទំហំ ១៥៧,៧គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៦,២៣គីឡូម៉ែត្រ មានលទ្ធភាពស្ដុកទឹកអតិបរមា ៤លានម៉ែត្រតី្រគុណ និង ២)អាងទឹកកន្សែងដែលមានផ្ទៃអាងទំហំ ៧៦០,៥គីឡូម៉ែត្រការ៉េ ទំនប់អាងទឹកប្រវែង ៧,១២គីឡូម៉ែត្រ និងមានលទ្ធភាពស្ដុកទឹកអតិបរមា ១៥,៣លានម៉ែត្រត្រីគុណ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងបម្រើឱ្យអន្តរវិស័យ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា គម្រោងនេះក៏ជួយកាត់បន្ថយ នូវហានិភ័យបណ្តាលមកពី គ្រោះទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ ជាពិសេសទឹកជំនន់ឆ្លងដែនពីប្រទេសថៃ និងគ្រោះរាំងស្ងួត ដែលជាផ្នែកមួយជួយលើកស្ទួយ ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ត្រូវប្រើរយៈពេលសាងសង់ចំនួន ៥៤ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត ២០ ០០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលចំនួន ៤២ ២១៣គ្រួសារ ៕

To Top