ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារ ស្ថាបនាផ្លូវចំនួន៣ខ្សែ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៣ខ្សែ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។

ខ្សែផ្លូវទាំង៣ខ្សែ នោះរួមមាន៖
១/ ខ្សែផ្លូវទី១៖ មានប្រវែងសរុប ១៤,៦១៧គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ១០,១០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
២/ខ្សែផ្លូវទី២៖ មានប្រវែងសរុប ១៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សីទៅដល់ភូមិប៉ែន ឃុំមោង ស្រុកគាស់ក្រឡ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២៧,៤៣% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
៣/ ខ្សែផ្លូវទី៣៖ មានប្រវែងសរុប ២៩,៣១៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ទៅដល់ភូមិទួលព្រុំ ឃុំកកោះ ស្រុកមោងឫស្សី ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ១៩,២០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
ផ្លូវទាំងបីខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។

សូមបញ្ជាក់ថា៖ កម្មវិធី RID4CAM នឹងត្រូវធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ប្រវែងសរុបប្រមាណ ៤១៩,៩០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួន នៅក្នុងខេត្តគោលដៅ ចំនួន៥ រួមមាន ខេត្តព្រះវិហារ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដោយត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ដោយឡែកខេត្តបាត់ដំបង កម្មវិធី RID4CAM នឹងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៩ខ្សែ ប្រវែងសរុប ១៣៧,១០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង ជាពិសេសគួរគិតគូរដល់ការជ្រើសរើសនូវបច្ចេកវិទ្យាថ្មី ដើម្បីជំនួសវត្ថុធាតុដើមធម្មជាតិដែលកម្រ និងមានតម្លៃខ្ពស់។

ឆ្លៀតក្នុងឱកាស នៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ លោករដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងបីនោះផងដែរ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ៕

To Top