បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញ ជួបសំណេះសំណាល លើកទី២ ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង សរុបចំនួន ៤៤រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបងរួចមក លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ដែលជាការរួមចំណែក ធ្វើឱ្យទទួលជោគជ័យនៃយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។
លោករដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជនបទសមាហរណកម្ម ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ការអប់រំផ្លាស់ប្ដូរឥរិយាបថ ការប្រកាន់ភ្ជាប់អនាម័យផ្ទាល់ខ្លួនឱ្យមានសុខភាពល្អ មាំមួន ដើម្បីលើកកម្ពស់អាយុសង្ឃឹមរស់មធ្យមឱ្យកាន់តែខ្ពស់ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលជំនាញ និងបំណិនជីវិត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីរបរកសិកម្ម និងទី៤) ការពង្រឹងស្ថាប័ន និងកិច្ចការរដ្ឋបាល តាមរយៈការជ្រើសរើសមន្ដ្រី ការបណ្ដុះបណ្ដាលមន្រ្ដី និងយន្ដការលើកទឹកចិត្តមន្ដ្រីតាមគ្រប់រូបភាព តាមរយៈការយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ដ្រី។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងទាំងអស់ ដូចខាងក្រោម៖
១/ ត្រូវបន្ដបំពេញតួនាទីឱ្យបានសកម្មបន្ថែមទៀត ដើម្បីបង្កើនសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀតឱ្យសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
២/ត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត, មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់, មន្ទីរពាក់ព័ន្ធនានា ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរធនធានសម្រាប់អភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែច្រើន។
៣/ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ, កំណត់របបប្រជុំ និងរាយការណ៍ឱ្យបានទៀតទាត់, ការរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅកន្លែងបំពេញការងារ និងរបៀបរបបធ្វើការ។
៤ /ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មានការលើកទឹកចិត្ត និងយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ ។
មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ៕