ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចធ្វើសំណើ ទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីជម្លោះរវាងលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តប៉ៃលិន និងឈ្មោះ ហូ ទ្រី អ្នករត់តាក់ស៊ី ទទួលដឹកអីវ៉ាន់ មួយជំហានរួចហើយ ដើម្បីធ្វើការពិនិត្យ អំពីហេតុផលដំណើរ រឿងដែលបានកើតឡើង ឱ្យបានច្បាស់លាស់ត្រឹមត្រូវ។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាង លើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយពីស្តាប់របាយការណ៍ របស់ការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សា លើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម៖
១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោម តាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យ ទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោម តាមច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា «មុននឹងដាក់ទណ្ឌកម្ម តាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុម ប្រឹក្សាវិន័យជាមុនសិន ។ ការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយ ប្រកាសក្រសួងការពារជាតិ»៕