ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះបានអញ្ជើញ បើកកិច្ចប្រជុំអន្តរក្រសួង លើកដំបូង របស់សមាជិក នៃគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ។

សូមជម្រាបថា កិច្ចប្រជុំអន្តរក្រសួង នាពេលនេះ មានការចូលរួម ពីលោករដ្ឋលេខាធិការ អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិក នៃគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ តំណាងឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមរាជធានី-ខេត្ត ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំលើកដំបូង របស់សមាជិកនៃ គណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ នាពេលនេះ គឺក្នុងគោលបំណង ដើម្បី ពង្រឹងកិច្ចសហប្រត្តិបត្តិការ អន្តរក្រសួងក្នុងការគ្រប់គ្រងអាងទន្លេ ព្រមទាំងពិភាក្សា និងពង្រឹងកិច្ចការគ្រប់គ្រង អាងទន្លេប្រកបដោយចីរភាព ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការងារគ្រប់គ្រងអាងទន្លេ ជាការអនុវត្តដ៏សំខាន់មួយ ក្នុងការការពារធនធានទឹក ការអភិរក្ស និងការអភិវឌ្ឍ ប្រកបដោយចីរភាព អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយធានាបាននូវអត្ថប្រយោជន៍ រួមដល់ប្រព័ន្ធអេកូឡូស៊ី និងសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការងារគ្រប់គ្រងអាងទន្លេទាមទារឱ្យមានការចូលរួមពីអន្តរក្រសួង និងភាគីពាក់ព័ន្ធពីវិស័យផ្សេងៗ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពិភាក្សា ធ្វើផែនការ ស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការសម្របសម្រួលធានា ដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីប្រកប ដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាព នៃគណៈកម្មាធិការជាតិ គ្រប់គ្រងអាងទន្លេ ដែលមាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន និងលោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ជាអនុប្រធានអចិន្ត្រៃយ៍ រួមជាមួយលោករដ្ឋលេខាធិការ អនុប្រធាន និងសមាជិកមកពីក្រសួងពាក់ព័ន្ធសរុប ១៧រូប ៕












