ភ្នំពេញ៖ លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអ្នកនេសាទ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងនាថ្ងៃ២៤ មិថុនានេះថា គិតមកទល់ពេលនេះ ចំពោះហ្វូងសត្វដង្កូវដែលឆ្លងពីថៃមកកម្ពុជា ហើយបំផ្លាញដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងទៀតរបស់ប្រជាពលរដ្ឋ គឺអាចគ្រប់គ្រងស្ថានការណ៍បាន តាមរយៈការចុះណែនាំពី វិធានការណ៍នានាក្នុងការទប់ស្កាត់ ។
លោកស្រីគូសបញ្ជាក់ថា “រហូតមកទល់ពេលនេះ តាមរយៈការចុះអន្តរាគមន៍ទាន់ពេលវេលា ស្រុះដៃគ្នា ទាំងខាងប្រជាពលរដ្ឋផ្ទាល់ ដែលចូលរួមសហការនៅក្នុងការអន្តរាគមន៍ កំចាត់សត្វដង្កូវហ្វូង តាមការណែនាំរបស់មន្រ្តីជំនាញហ្នឹង វាធ្វើឲ្យយើងគ្រប់គ្រងស្ថានការណ៍បាន”។
ទោះបីជាស្ថានការណ៍គ្រប់គ្រង បានយ៉ាងណាក៏ដោយ ប៉ុន្តែលោកស្រីអះអាងថា ក្រសួងកសិកម្មនៅតែបន្តតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈថ្នាក់ដឹកនាំដែលទទួលបន្ទុកខេត្តនីមួយៗ នឹងចុះដោយផ្ទាល់នៅតាមបណ្តាខេត្ត ដើម្បីពិនិត្យមើលជាក់ស្តែងពីករណីហ្វូងដង្កូវនេះ បន្ទាប់ពីមន្រ្តីជំនាញបានចុះពិនិត្យម្តងរួចមកហើយ ។
លោកស្រីថា ចំពោះខេត្តមិនទាន់មានសត្វដង្កូវ រាលដាលទៅដល់ ក៏ខាងថ្នាក់ដឹកនាំក្រសួងចុះទៅពិនិត្យ និងធ្វើការងារជាមួយអ្នកពាក់ព័ន្ធផ្សេងៗទៀតដើម្បីឈ្វេងយល់ពីសត្វដង្កូវហ្វូងនេះផងដែរ ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ២៣ មិថុនា ហ្វូងដង្កួវបានបំផ្លាញផលដំណាំផ្សេងៗ របស់ពលរដ្ឋមាននៅខេត្តចំនួន១៥ រួមមាន ៖ បន្ទាយមានជ័យ , កំពង់ចាម , កំពង់ឆ្នាំង , កំពង់ស្ពឺ , កំពង់ធំ , កោះកុង , ក្រចេះ , ព្រះវិហារ , ពោធិ៍សាត់ , សៀមរាប , ស្ទឹងត្រែង , តាកែវ , ឧត្តរមានជ័យ ប៉ៃលិន និងត្បូងឃ្មុំ៕