ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចូលរួមទស្សនា​ ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃ ២៣ មិថុនា បានចូលរួមទស្សនាការ ប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល​ ដើម្បីលើកទឹកចិត្ត​ និងគាំទ្រដល់យុវជន​ ជាកីឡាករ។

ការប្រកួតកីឡាបាល់ទាត់នេះមាន២ប្រកួត គឺក្រុមកីឡាយុវជនឃុំសន្លុង ប្រកួតជាមួយក្រុមកីឡាយុវជនឃុំជ័យធំ​ ដែលលទ្ធផល​បានទៅលើក្រុមកីឡា ឃុំសន្លុង​៣​ទល់នឹង​ ២​ហើយក្រុមទី២​ គឺក្រុមកីឡាយុវជនឃុំវិហារសួគ៌​ ប្រកួតជាមួយក្រុមកីឡាយុវជន ឃុំព្រែកតាមាក់​ ដែលលទ្ធលបានទៅលើឃុំវិហារសួគ៌​១​ទល់នឹង​ ០​ ។

សូមរំលឹកថា ការរៀបចំឲ្យកម្មវិធីប្រកួតកីឡាយុវជន ជារៀងរាល់ឆ្នាំនេះ គឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់លោកអគ្គបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្រ្តី​ ក្នុងគោលបំណងលើកកម្ពស់ វិស័យកីឡាឲ្យកាន់តែមានការីកចម្រើន , បង្កើតឲ្យមានកម្មវិធីសប្បាយរីករាយ , ផ្តល់ឱកាសឲ្យយុវជន ក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឲ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខ គ្រប់ប្រភេទ , និងផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពល សម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភភេសជ្ជៈ​ និងថវិកាមួយចំនួនដល់ក្រុមកីឡាករផងដែរ ។
បន្ទាប់មកលោកបណ្ឌិត​ កៅ​ ថាច​ និងសហការី​ បានបន្តចុះពិនិត្យគម្រោង កសិកម្មឆ្លាតវៃ​ ដាំបន្លែសុវត្ថិភាព​ នៅឃុំជ័យធំ​ និងចុះពិនិត្យស្រែ របស់កសិករនៅឃុំរការជន្លឹង​ ដែលកំពុងបូមទឹកអណ្តូងបញ្ចូលស្រែ ។

លោកបណ្ឌិត​ ក៏បានណែនាំដល់កសិករ​ ឲ្យសិក្សាលើការប្រើប្រព័ន្ធសូឡាសម្រាប់បូមទឹក​ ជំនួសការប្រើម៉ាស៊ីនវិញ​ ពី​ព្រោះការប្រើសូឡា ចំណាយថវិកាតិចជាង ៕

To Top