ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យម្នាក់​ ទៅសាលាដំបូងខេត្ត ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋាន កងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ និងតាមដានមុខសញ្ញា ជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងសិរីសោភ័ណ​​​ ខេត្តបន្ទាយមានជ័យ រហូតឈានដល់ការឃាត់ខ្លួន បាននៅចំណុចភ្លើងស្តុបផ្សារទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
    
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គឹម សារ៉ាវុធ ហៅវែង ភេទប្រុស    ឣាយុ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ ។ ក្នុងការឃាត់ខ្លួនជនសង្ស័យ រូបនេះកម្លាំង បានដកហូតវត្ថុតាង រួមមាន: ម៉្សៅក្រាមសថ្លា ចំនួន០៤កូនថង់កិប និង ០១ថង់ធំ, ថ្នាំគ្រាប់រាងមូលពណ៌ ក្រហមក្បឿង (WY) ចំនួន០៥គ្រាប់, ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅចំនួន០១គ្រឿង, ចិញ្ចៀនលោហ:ធាតុពណ៌លឿងក្បាលនាគចំនួន០១វង់ និងសម្ភារ:វិចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋាន កងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
      
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យខាងលើ ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញ គ្រឿងមកសម្រាប់លក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ។ ក្រោយបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋាន កងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៊។
       
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យឈ្មោះ  ថាវ៉ាត់ឆៃ ប៊ុនឈួយ (Thawtchai Boonchuai) ហៅនីវ ក៏ទទួលបានការឣនុញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី ៕

To Top