ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវឱ្យស្ថាប័នតុលាការ និងអយ្យការអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់ ចំពោះអតីតឧញ៉ា ស្រី ស៊ីណា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់ ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ លើអតីតឧញ៉ា ស្រី ស៊ីណា ដែលបានបាញ់មនុស្សស្លាប់និងរបួស កាលពីពេលថ្មីៗនេះ ។

តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ជាដំបូងសម្ដេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។  ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នា ពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើស នៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោស អោយបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំ ដោយមិនប្រក្រតី។

សម្ដេចធិបតីបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះក៏រួមមានការពង្រឹងទំនួលខុសត្រូវ ចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់ អាយុជីវិតអ្នកដទៃ។

សម្ដេចបន្តថា កន្លងទៅក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹង លើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។  ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការ របស់ស្ថាប័នតុលាការក៏ដោយ សម្ដេចសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។

សម្ដេចសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែក ក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័ន អនុវត្តច្បាប់ ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត លើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។

សម្ដេចគូសបញ្ជាក់ថា នៅពេលត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសសុង្ហបុរី សម្ដេចបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក សម្ដេចបានចេញបទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់ លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនិងក្រុមគ្រួសារ ៕

To Top