ភ្នំពេញ ៖ អ្នកជំនាញនៃក្រសួងបរិស្ថាន បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អង្គការ Wild Earth Allies អង្គការ IUCN និងអ្នកជំនាញអន្តរជាតិមកពីសាកលវិទ្យាល័យ La Sierra University និងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ North Carolina នៃសហរដ្ឋអាមេរិក បានរកឃើញតុកែប្រភេទថ្មីសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត ។
អ្នកជំនាញបានលើកឡើងថា តុកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា តុកែភ្នំព្រះគុហារហ្លួង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko។
លោក ឈិន សុភា មន្ត្រីជំនាញនៃនាយកដ្ឋានជីវៈចម្រុះ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថានបានចូលរួមក្នុងការសិក្សានេះ បានឲ្យដឹងថា ការស្រាវជ្រាវរុករក និងប្រមូលសំណាក ធ្វើឡើងក្នុងពេលយប់នៅតាមល្អាងភ្នំ នៅតំបន់បេតិភណ្ឌធម្មជាតិភ្នំ ព្រះគុហារហ្លួង តំបន់ជុំវិញ និងតំបន់បេតិភណ្ឌធម្មជាតិ ភ្នំទទុង-ភ្នំតូច ក្នុងស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពតនៅឆ្នាំ២០២១ និង២០២២។
ដើម្បីអាចបញ្ជាក់បានថាជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក អ្នកជំនាញបានធ្វើការពិនិត្យ និងវិភាគទៅលើលក្ខណៈខាងក្រៅ (Morphology) លក្ខណៈខាងក្នុងឬធនធានពន្ធុ (Genetic) និងស្ថិតិវិភាគប្រៀបធៀប ជាមួយនឹងសំណាកនៃប្រភេទដែលមានរូបរាងប្រហាក់ប្រហែលចំនួន១២ប្រភេទផ្សេងគ្នា នៅកម្ពុជា និងប្រទេសជិតខាង។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានចាត់ទុកការរកឃើញប្រភេទជីវៈចម្រុះថ្មីៗ នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា បង្ហាញតម្លៃធនធានធម្មជាតិកម្ពុជា កំពុងត្រូវបានការពារនិងអភិរក្សយ៉ាងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។ លើសពីនេះ កាលពីពេលថ្មីៗនេះ ប្រភេទសត្វព្រៃកម្រ និងកំពុងរងគ្រោះក៏បានបង្ហាញ ខ្លួនជាបន្តបន្ទាប់នៅតាមតំបន់ព្រៃឈើរបស់កម្ពុជា ដែលជាសូចនាករបង្ហាញពីភាពចាំបាច់ ក្នុងការធ្វើការសិក្សាបន្តនៅកន្លែងផ្សេងទៀតក្នុងកម្ពុជា។
អ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង នៅឃុំទូកមាសខាង លិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃដីទំហំ ២៥ហិចតា។ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង ត្រូវបានបង្កើតឡើងដើម្បី ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ និងកម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។
សូមបញ្ជាក់ថា លក្ខណៈសំគាល់របស់តុកែភ្នំព្រះគុហារហ្លួង គឺជាតុកែដែលរស់នៅតែក្នុងល្អាងភ្នំថ្មកំបោរ នៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង។ ឈ្មោលពេញវ័យមានប្រវែងខ្លួនវែងបំផុត៧៧.៦មីលីម៉ែត្រ តូចជាងញី ដែលមានប្រវែង៨០.៧មីលីម៉ែត្រ ខ្លួនមានបង្កង់សម្បុរត្នោតចាស់ពី៤ទៅ៥កង់។
តាមការសិក្សាតុកែនេះ អាចចូលទៅក្នុងរូងថ្មដែលអាចមានជម្រៅរហូតដល់២០ម៉ែត្រនៅពេលថ្ងៃ និងចេញមកជិតៗមាត់ល្អាងនៅពេលយប់ដើម្បីរកចំណី។
តុកែភ្នំព្រះគុហារហ្លូង គឺជាតុកែដែលមានវត្តមានតែនៅក្នុងល្អាងភ្នំនៃតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួងតែមួយគត់ (Endemic Species) ហើយក៏ជាតុកែទី៣ដែលត្រូវបានរកឃើញតែនៅក្នុងល្អាងភ្នំថ្មកំបោរក្នុងនោះមាន C. laangensis ពីភ្នំល្អាងនៅកម្ពុជា និង C. disjunctus នៅប្រទេសថៃ។ តុកែភ្នំព្រះគុហារហ្លូង បានក្លាយជាតុកែបង្កង់ទី១0 ដែលមានវត្តមាននៅកម្ពុជា និងទី៣៦០សម្រាប់អ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក។ របកគំហើញនេះបង្ហាញឲ្យឃើ ញ ពីភាពសម្បូរបែបនៃជីវៈចម្រុះ និងសក្តានុពលនៃទីជម្រកដ៏ពិសេសដែលមាននៅកម្ពុជា ដែលតម្រូវឲ្យមានការសិក្សានិងកត់ត្រាឲ្យបានល្អិតល្អន់៕