ព័ត៌មានជាតិ

សម្ដេចធិបតី លើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើកស្ទួយវិស័យអប់រំ ឲ្យកាន់តែល្អប្រសើរ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថាន ឧត្តមសិក្សាបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀន ប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ ឲ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី២៥ មិថុនា សម្ដេចធិបតីបានថ្លែងថា ដើម្បីលើកកម្ពស់វិស័យអប់រំសម្តេចលើកទឹកចិត្ត ឲ្យបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឲ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់ បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងនៃទីផ្សារការងារ និងសាកលភាវូបនីយកម្ម។

សម្ដេចធិបតី ក៏បានស្នើឲ្យក្រសួងអប់រំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជនចូលរួមអនុវត្តឲ្យ បានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការ ដែលបានដាក់ចេញក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមា ពីការធ្វើបរិវត្តកម្មឌីជីថល។

សម្តេចធិបតី ជំរុញ និងលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលចំណេះដឹងថ្មីៗ បទពិសោធជាក់ស្តែង និងឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពនៃការអប់រំ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវឲ្យកាន់តែប្រសើរ។

សម្តេចធិបតីគូសបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀន ប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជន សម្រាប់ជាអ្នកបន្តវេន និងជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ប្រកបដោយអរិយធម៌រុងរឿង»៕

To Top