ព័ត៌មានជាតិ

សម្តេចធិបតី ៖ គុណភាពនៃធនធានមនុស្ស ជាកត្តាកំណត់គុណភាព និងសមត្ថភាព របស់ប្រទេសក្នុងការអភិវឌ្ឍ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នូវគុណភាព និងសមត្ថភាព របស់ប្រទេសក្នុងការអភិវឌ្ឍ ដូចនេះ គុណភាពនៃការបណ្តុះបណ្តាល គឺជាកត្តាគន្លឹះមួយសំខាន់ សម្រាប់ការធានាការអភវិឌ្ឍ ការប្រកួតប្រជែងរបស់ប្រទេសជាតិ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃ២៥ មិថុនា សម្តេចធិបតី បានលើកឡើងថា បើសិនជាមានឱកាសទទួលការអប់រំ ដែលមានគុណភាពដូចគ្នា ទោះជាចាប់ផ្តើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗក៏ដោយ ក៏បុគ្គលមួយ ឬនិស្សិតមួយនោះ ក៏អាចទទួលបានចំណេះដឹងដូចគ្នា ។ ក្នុងន័យនេះ សម្តេចធិបតី ចង់សំដៅថា និស្សិតមួយ ទោះបីមកពីគ្រួសារក្រីក្រ ពីតំបន់ជនបទ ហើយបានមករៀនសាលាមួយដែលមានគុណភាពអប់រំល្អ តួយ៉ាងដូចវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)ក្តី មិនប្រាកដថា និស្សិតនោះរៀនចាញ់និស្សិត ដែលមកពីគ្រួសារមធ្យម ឬគ្រួសារធូរធារ ដែលមកពីរាជធានីភ្នំពេញនោះទេ ។

ក្នុងនោះសម្តេចនាយរកដ្ឋមន្ត្រីបញ្ជាក់ “គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នូវគុណភាព និងសមត្ថភាពរបស់ប្រទេសរបស់យើងក្នុងការអភិវឌ្ឍ ប្រកួតប្រជែងដោយចីរភាព ដូចគ្នានេះ គុណភាពនៃការបណ្តុះបណ្តាល ជាកត្តាគន្លឹះនៃគុណភាព នៃធនធានមនុស្ស ចឹងយើងអាចនិយាយថា គុណភាព នៃការបណ្តុះបណ្តាល គឺជាកត្តាគន្លឹះមួយ សំខាន់សម្រាប់ការធានានូវការអភវិឌ្ឍការ ប្រកួតប្រជែង របស់ប្រទេសជាតិរបស់យើង” ។

ដូចឆ្នេះហើយ ទើបសម្តេចធិបតី អះអាងថា “ការពង្រីករបស់យើងកន្លង ទៅរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ នៅក្នុងការពង្រីកវិសាលភាព គ្រប់ដណ្តប់ ដោយក្នុងនោះមានការចូល រួមពីវិស័យឯកជនផង ដែលយើងរាល់ថ្ងៃនេះ មានការអប់រំថ្នាក់ឧត្តមសិក្សា តាមបណ្តារាជធានី-ខេត្តជាច្រើន ។ ហើយនេះ នេះជាមោទកភាពមួយជំហានរបស់យើង ដែលយើងអាចផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋយើង និស្សិតរបស់យើង យុវជនរបស់យើង នៅទូទាំងប្រទេស អាចមានលទ្ធភាព ចាប់យក​នូវការបណ្តុះបណ្តាល និងការសិក្សានៅថ្នាក់ឧត្តម សិក្សាដែលធ្វើឲ្យមានគម្លាត រវាងគុណភាពមនុស្ស និង សមត្ថភាពមនុស្ស រាជធានី-ខេត្ត មានការកាត់បន្ថយមួយចំនួន”៕

To Top