ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍ ៖ សហភាពពលកម្មជាតិកម្ពុជា ប្រាប់ទៅបណ្ដាញ អ្នកបញ្ជាទិញពីរបាយការណ៍ បំភ្លៃរបស់សង់ត្រាល់

ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិត៧ម៉ឺននាក់ កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ ជូនបណ្ដាញអ្នកបញ្ជាទិញចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា ។

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ បានប្រាប់ទៅបណ្តាញអ្នកបញ្ជាទិញទាំងអស់ កុំជឿលើរបាការណ៍អង្គការសង់ត្រាល់ ព្រោះរបាយការណ៍លើកឡើង តែបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ ។ ខ្លឹមសារនោះមិនស៊ីគា្ន និងចំណងជើង នៃរបាយការណ៍ ហើយពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជា តំណាងសេរីភាពសហជីព ទាំងអស់នៅកម្ពុជាឡើយ។

សហភាពពលកម្មជាតិកម្ពុជា (NLC) យល់ឃើញពាក្យថា សហជីព គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើត ឡើងដោយកម្មករនិយោជិតមួយក្រុម ដែលបានមូលមតិគ្នាក្នុងការបង្កើតឡើង ក្នុងគោលបំណងសម្រាប់ ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។

ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា ៖ «នៅក្នុងប្រទេសកម្ពុជា សហជីពណាក៏ ឯករាជ្យដែរគ្រាន់តែមានស្ថាប័ន មួយចំនួនចេះតែវាយតម្លៃដោយថា សហជីពនេះឯករាជ្យ សហជីពនោះមិនឯក រាជ្យតែប៉ុណ្ណោះ» ។

ប្រភពដដែលបន្តថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួនស្ថិតនៅក្រោម ការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេស និងបម្រើនយោបាយឱ្យជនបរទេសខិលខូចមួយចំនួន ហើយពួកគេតែងញុះញង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បាន ដើម្បីបង្កាច់បង្ខូចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើ ឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិត ភ័យខ្លាចបាត់បង់ការងារ ខាតបង់លុយកាក់ទៀតផង ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ៖ «សហព័ន្ធ និងអង្គ ការប្រភេទនេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ រួមរបស់ជនរួមជាតិ និងបំផ្លាញមុខមាត់ ប្រទេសជាតិខ្លួនឯង»។

សហភាពពលកម្មជាតិកម្ពុជា (NLC) បានសង្កេតឃើញថាបច្ចុប្បន្នការចុះបញ្ចិការ សហភាពសហព័ន្ធសហជីព សហជីពមូលដា្ឋន ណាក៏អាចចុះបញ្ជីបានដែរ ឱ្យតែគោរពតាមលក្ខខ័ណ្ឌ ដែលបានចែងក្នុងច្បាប់ស្តីពីសហជីព។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន NLC បានស្នើសុំអង្គការ សង់ត្រាល់ពិនិត្យ មើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញ ជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំង ដល់សតិអារម្មណ៍ របស់អ្នកវិនិយោគទុន ដែលមានស្រាប់ និង កុំឱ្យប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មីៗ ដែលមានបំណងចង់ មកវិនិយោគទុននៅប្រទេសកម្ពុជា ផងដែរ។

ជាមួយគ្នានោះ NLC ក៏បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការ សង់ត្រាល់ និងអង្គេតទៅលើជំនួយផ្សេងៗ ដែលអង្គការសង់ត្រាល់ បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំក្នុងចេតនាបង្ករបញ្ហា បំភ្លៃការពិត ញុះញ៉ុង បំផ្លិចបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យមានអស្ថេរភាព ខាតប្រយោជន៍កម្មករ និយោជិត និងសង្គមជាតិយើងទាំងមូល៕

To Top