កំពង់ស្ពឺ ៖ តបតាមការអញ្ជើញ របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំផ្សព្វផ្សាយពង្រឹង ការអនុវត្តតួនាទី ភារកិច្ចការងារ របស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងពេលប្រតិបត្តិការ ការងារស្រាវជ្រាវបទល្មើស ឱ្យត្រូវតាមក្រមនីវិធីព្រហ្មទណ្ឌ ។

លោក ស៊ិន វិរៈ លើកឡើងថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដែលពាក់ព័ន្ធ ក្រមនីតិវិធីព្រហ្មទណ្ឌ មាន ៦១២មាត្រា មន្ត្រីនគរបាលយុត្តិធម៌ ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ក្នុងពេលអនុវត្តតួនាទីភារកិច្ចនីតិវិធី ជៀសវាងមានការប្តឹងមន្ត្រីនគរបាលយុត្តិធម៍ ឬមោឃភាព នីតិវិធី។
លោកព្រះរាជអាជ្ញា ស្នើឲ្យកងកម្លាំងបន្តលើកិច្ចស្រាវជ្រាវបង្ក្រាបបទល្មើស ជាងនេះបើមន្ត្រីនគរបាលយុត្តិធម៍ បើមានចម្ងល់ក្នុងការអនុវត្តនីតិវិធី ត្រូវទំនាក់ទំនងមកកាន់ព្រះរាជអាជ្ញាផ្ទាល់ ដើម្បីជៀសវាងរាល់កំហុសឆ្គងក្នុងនីតិវិធី ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ថ្ងៃនេះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែល បានលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានផ្តល់កិត្តិយស ដឹកនាំព្រះរាជអាជ្ញារង និងសហការីមកធ្វើបទបង្ហាញដើម្បីពង្រឹង ការអនុវត្តតួនាទី ភារកិច្ចឱ្យស្រប តាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចកម្ពុជា ដល់មន្ត្រីនគរបាលយុត្តិធម៌ នាពេលនេះ ។

លោកមេបញ្ជាការ បន្ថែមថា «ពិតណាស់ក្នុងការអនុវត្តកន្លងមក កងកម្លាំង របស់យើងនៅ មានចំនុចខ្វះ ចន្លោះជាច្រើន ដែលធ្វើឲ្យសំណុំរឿងរបស់យើង នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ តែដោយមានការសម្របសម្រួល ពីស្ថាប័នអយ្យការ ទើបដំណើរការរឿងនីមួយៗបាន សម្រេចទៅដោយរលូន» ។
សូមបញ្ជាក់ថា មេរៀនដែលត្រូវធ្វើបទបង្ហាញមាន តួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៍ , មុខវិជ្ជា តួនាទីអយ្យការ , កិច្ចស៊ើបអង្កេត សហប្រតិបត្តិការ កងរាជអាវុធហត្ថ ៕
ដោយ៖សុខសុភ័ណ្ឌ









