ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រកាសថា សហគ្រាសធុនមីក្រូតូច និងមធ្យម នៅតែជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច តទៅអនាគត ហេតុដូចនេះ រាជរដ្ឋាភិបាល បាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធ រូបវន្តចាំបាច់នានា។
តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី បានឲ្យដឹងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០% លើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុប ផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក ៥០% នៃផលិតផលក្នុងស្រុកសរុបនៅ ទូទាំងពិភពលោក។ នៅក្នុងក្របខ័ណ្ឌអាស៊ាន មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧.២% ទៅ ៩៩.៩%) និងរួមចំណែកក្នុងរង្វង់ ៤៤.៨% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសជាសមាជិកអាស៊ាន។
យោងតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិ ស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១,៨៤១,៣៦២ នាក់ ។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផល ក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិន រាប់បញ្ចូលវិស័យកសិកម្ម)។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងលើក កម្ពស់ គាំពារ និងពង្រឹង សមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុង សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា ។
សម្ដេចធិបតី បន្ដថា ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកិច្ចការអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារ និងសូមលើកទឹកចិត្តឱ្យគ្រប់សហគ្រាសនិងតួអង្គពាក់ព័ន្ធ ទាំងអស់ចូលរួមគាំទ្របេសកកម្មដ៏ពិសិដ្ឋនេះ។ ប្រព័ន្ធអេកូឡូស៊ីដែលមានភាព ប្រទាក់ក្រឡាគ្នា គាំទ្រគ្នា ទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្តនិងភាព ទាក់ទាញដល់ការបង្កើននិង ការពង្រីកវិនិយោគបន្ថែម។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ ហេតុដូចនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រីកការវិនិយោគសាធារណៈបន្ថែម លើហេដ្ឋារចនា សម្ព័ន្ធរូបវន្តចាំបាច់នានាដែលបម្រើដល់ការអភិវឌ្ឍនៃវិស័យ ក៏ដូចជាពង្រឹងយន្តការស្ថាប័ននិងការផ្តល់ សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយនវានុវត្តន៍»។
សម្ដេច នាយករដ្ឋមន្ដ្រី បានណែនាំក្រសួង ស្ថាប័ន និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុង បន្តខិតខំបង្កើនសមត្ថភាព និងកែលម្អសេវា សាធារណៈរបស់ខ្លួន ឱ្យកាន់តែងាយ ស្រួល រហ័ស និងមាន ប្រសិទ្ធភាព ហើយត្រូវបន្តធ្វើយ៉ាងណាឱ្យការផ្តល់សេវា ឆ្លើយតបទៅនឹងសេចក្តី ត្រូវការរបស់ធុរកិច្ច និង រួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ៕