ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ ដឹកនាំគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង ដោយមានការចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោក លោកស្រីជាប្រធាននាយកដ្ឋាន ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីតាមដានពីវឌ្ឍនភាព នៃការងារដឹកនាំគ្រប់គ្រងផ្ទៃក្នុង ព្រមទាំងពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ដែលមានលក្ខណៈជឿនលឿនទៅមុខប្រកបដោយប្រសិទ្ធភាព ជាពិសេសការងារ គ្រប់គ្រងចរន្តឯកសារ តាមប្រព័ន្ធឌីជីថល ស្របតាមបញ្ចកោណទី៥ មុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានលើកឡើងពីការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រព័ន្ធច្រកចេញចូលតែមួយ ក្នុងការគ្រប់គ្រងឯកសារនៅតែមានសារសំខាន់ បន្ទាប់ពីទទួលបានឯកសារត្រូវ កំណត់បែងចែកទៅ តាមអគ្គនាយកដ្ឋាន តាមឋានានុក្រមការងារ ដោយឆ្លងមតិយោបល់ របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមជំនាញ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាល បន្តរៀបចំគ្រប់គ្រងលំហូរការងារទៅតាមឋានានុក្រម ចាប់តាំងពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់រដ្ឋលេខាធិការ ទទួលបន្ទុកតាមជំនាញ ដើម្បីចូលរួមមតិយោបល់ និងតាមដានការអនុវត្តការងារ ព្រមទាំងជំរុញល្បឿន ការងារតាមរយៈ ការប្រើប្រាស់ប្រព័ន្ធឌីជីថល ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យប្រធានក្រុមការងារ កែទម្រង់រដ្ឋបាល សាធារណៈពន្លឿនការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល ឱ្យមានភាព ច្បាស់លាស់ ស្របតាមការណែនាំរបស់ក្រសួងមុខងារសាធារណៈផងដែរ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ដំណើរការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ៕

















