ព័ត៌មានជាតិ

ផ្ទះអតីតយុទ្ធជនខ្វះខាតច្រើនដល់ជាង ២ពាន់ខ្នង ខណៈផ្ទះអតីតយុទ្ធជនខ្លះ ចាក់សោរទុកចោលរហូតដល់ខូច ដោយសារម្ចាស់មានជីវភាពធូរធារ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ ផ្ទះអតីតយុទ្ធជនមានការខ្វះខាតច្រើន រហូតដល់ជាង ២ពាន់ខ្នង ដែលទាមទារឲ្យមានការសាងសង់បន្ថែមទៀត ។ ស្របពេលនឹងមានការខ្វះផ្ទះនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអះអាងថា ក៏មានផ្ទះអតីតយុទ្ធជនខ្លះ ត្រូវបានចាក់សោរទុកចោលរហូតដល់ខូចខ្ទេច ដោយសារម្ចាស់ផ្ទះមានជីវភាពធូរធារ ហើយមានផ្ទះនៅរាជធានីភ្នំពេញ។

ក្នុងពិធីរំលឹក “ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤” នៅសកលវិទ្យាល័យការពារជាតិ នាថ្ងៃ២៦ មិថុនា ក្រោមអធិបតីភាព សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម ​បានរៀបរាប់ប្រាប់សម្តេចថា នៅឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រីបានផ្តល់ផ្ទះ ជូនដល់អតីតយុទ្ធជនបានមួយផ្នែក ហើយនៅឆ្នាំ២០២៤នេះលោកសង្ឃឹមថា សម្តេចនឹងផ្តល់ជូនដល់អតីតយុទ្ធជនបន្ថែមទៀត ដោយសារពួកគេនៅមានការខ្វះផ្ទះច្រើន។

លោកទេសរដ្ឋមន្ត្រីថា “ឥឡូវផ្ទះអតីតយុទ្ធជនមានភាពខ្វះច្រើន រហូតដល់២ពាន់ខ្នង ក្នុងឆ្នាំ២០២៤នេះ ពិបាកសម្តេច… ឥឡូវអតីតយុទ្ធជនស្លាប់កាន់តែច្រើន អីចឹង ទេខ្លាចមិនបាននៅផ្ទះហ្នឹង ខ្ញុំបាទសូមអំពាវនាវដោយយកឈ្មោះសម្តេចធិបតី នៅពីក្រោយក៏មានអ្នកជួយ”។

លោកបន្តថា តាមការធ្វើបច្ចុប្បន្នភាពចំនួនអតីតយុទ្ធជន និងគ្រួសារពលីមរណៈដែលអត់មានដី និងផ្ទះរស់នៅលើដីសាធារណៈរបស់រដ្ឋមានចំនួន ២៥៣៤គ្រួសារ ។ ក្នុងនោះអ្នកដែលអត់មានដី និងផ្ទះចំនួន ១៩០០គ្រួសារ រស់នៅដីសារណៈចំនួន៦៣៤គ្រួសារ ។

ទាក់ទិននឹងអតីតយុទ្ធជនដែលទទួលបាន ប័ណ្ណកាន់កាប់ដល់ដៃហើយ មិនមានផ្ទះផ្តល់ឲ្យនោះ ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អះអាងថា អ្នកដែលបានប័ណ្ណនោះភាគច្រើន អ្នករស់នៅទីក្រុងភ្នំពេញ ឬក៏សុទ្ធតែពួកអ្នកមាន។

ពាក់ព័ន្ធនឹងអ្នកទទួលបានប័ណ្ណនោះ ត្រូវទេសរដ្ឋមន្ត្រីបញ្ជាក់ថា «ចំណុចនេះពួកខ្ញុំបានធ្វើបច្ចុប្បន្នភាព ដោយត្រូវចម្រាញ់យកពីមូលដ្ឋានមកហើយផ្តល់ ឲ្យចំពោះអ្នកដែលអត់ផ្ទះពិតប្រាកដ និងអត់ដីពិប្រាកដ ព្រោះថាអ្នកដែលចាប់ឆ្នោតកន្លងទៅ នៅក្រសួងសង្គមកិច្ច និងក្រសួងដែនដី គាត់ចាប់បានផ្ទះ ហើយគាត់ចាក់សោរចោល។ គាត់មានផ្ទះវីឡានៅភ្នំពេញ អីចឹងគាត់អត់ទៅផ្ទះ នៅភូមិអតីតយុទ្ធជននោះទេ»។

លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា «គាត់ចាប់បានផ្ទះ ហើយមានប័ណ្ណកាន់កាប់ គាត់មានផ្ទះនៅភ្នំពេញ ហើយគាត់ចាក់សោចោលដែលធ្វើឲ្យខូចអស់ ច្រើនណាស់កន្លងទៅ ។ ផ្ទះនោះយើងដកយកវិញ ក៏ដកមិនបានព្រោះជាប់ច្បាប់សង្គមកិច្ច អីចឹងខាតលុយអស់ច្រើនណាស់សម្តេច… ដោយសារតែការទូងស្គរ មានន័យថាអ្នកណាក៏មានសិទ្ធិចាប់យកដីនោះដែរ ដល់ដំណាក់កាលធ្វើកំណែទម្រងនេះ ខ្ញុំចាប់ផ្តើមធ្វើការប្រមូលទិន្នន័យពីក្រោមមក ហើយបញ្ជាក់ថា អ្នកនឹងពិតជាក្រ អត់ផ្ទះ អត់ដីរស់នៅ ហើយមានការអះអាងពីក្រុមប្រឹក្សាឃុំ និងស្រុក ។ ដូច្នេះ ហើយអាណត្តិទី៧មានចំនួនជាង២ពាន់ខ្នង»។

ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឲ្យដឹងទៀតថា ជារៀងរាល់ខែមានសមាជិកអតីតយុទ្ធជន បានទទួលមរណៈភាពកើនឡើងជា បន្តបន្ទាប់ដែលគិតជាមធ្យមមានចំនួន ១៩០នាក់ក្នុងមួយមួយខែ។ អ្នកដែលស្លាប់នោះដោយសារមុខរបួសរើស និងសុខភាពទ្រុឌទ្រោម និងមានជំងឺប្រចាំកាយ ៕

To Top