ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ណែនាំ ដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅជាអតីតយុទ្ធជន ដើម្បីអាចឲ្យពួកគាត់មានឱកាសបន្តវេនពីឪពុក-ម្តាយ របស់ខ្លួន។

នាឱកាសអញ្ជើញជាអធិបតីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃ២៦ មិថុនាសម្ដេចធិបតី បានថ្លែងថា ការផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតា មិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ សូមផ្ដល់គោលការណ៍ណែនាំ ដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គមេបញ្ជាការ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ កងទ័ពជើងគោក ប្រភេទទ័ព នៅក្នុងការរើសទ័ពថ្មីបំពេញទៅថ្ងៃក្រោយ សូមផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតប៉ូលីស និងអតីតអាវុធហត្ថ ផង ឲ្យគាត់បានមានឱកាសក្នុងការចូលបំពេញភារកិច្ច បន្ដវេនពី ឪពុក-ម្ដាយ»។

សម្ដេចធិបតីបន្ដថា ជាពិសេស ត្រូវផ្ដោតអ្នកនៅមូលដ្ឋាន នៅតាមបណ្ដាខេត្តតែម្ដង ក្នុងការជ្រើសរើសកងទ័ព និងនគរបាល ដើម្បីជាការលើកទឹកចិត្តដល់អតីតយុទ្ធជន ។ ជាការពិតណាស់ កាលនៅមុនបញ្ហាជំងឺកូវីដ-១៩ ផែនការរបស់រាជរដ្ឋាភិបាល គឺផ្ដល់គោលការណ៍ក្នុងការរើស កងទ័ពស្មើនឹងចំនួនទ័ពចូលនិវត្តន៍ ប៉ុន្ដែដោយសារជំងឺកូវីដ បញ្ហាចំនួនជ្រើសរើសនោះ ក៏មិនបានច្រើនដូចគ្នា។

ដូច្នេះសម្ដេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់បន្ថែមថា ទៅថ្ងៃមុខនៅពេលសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងវិញ រាជរដ្ឋាភិបាល នឹងពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការជ្រើសរើសទ័ព ប៉ុន្ដែសំខាន់បំផុតជ្រើសររើសតិច ឬច្រើន គួរផ្ដល់អាទិភាព កូនចៅរបស់អតីតយុទ្ធជន ប៉ុន្ដែរាជរដ្ឋាភិបាល ក៏មិនហាមយុវជន ស្ម័គ្រចិត្តផ្សេងៗ ក្នុងការដាក់ពាក្យប្រឡងជ្រើសរើសកងទ័ពនោះដែរ៕


