ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនបារាំង ដឹកនាំដោយលោក Robert Bousquet ប្រធានក្រុមហ៊ុន Sterela Doppler Radar និងលោក Patric Benichou ប្រធានទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង ។
ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី បានជម្រាបភាគីក្រុមហ៊ុនបារាំងពីតួនាទីដ៏សំខាន់ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ព័ត៌មាន និងការគ្រប់គ្រងទិន្នន័យធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅការពារ និងកាត់បន្ថយការខូចខាតដល់ផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិនានា។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានជម្រាបភាគីក្រុមហ៊ុនបារាំង ពីគម្រោងសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគអឺរ៉ុប(EIB) ដើម្បីបម្រើដល់ការគ្រប់គ្រង ប្រមូលទិន្នន័យ រក្សាទុក វិភាគ និងផ្តល់ព័ត៌មានស្តីពីទិន្នន័យទឹកភ្លៀង ជលសាស្ត្រ និងឧតុនិយម ធានាបាននូវការគ្រប់គ្រង និងផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការសាងសង់មជ្ឈមណ្ឌលជាតិនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានស្វ័យភាពលើការគ្រប់គ្រង ការព្យាករ និងវិភាគទិន្នន័យជលសាស្ត្រ និង ឧតុនិយម សម្រាប់អន្តរវិស័យផងដែរ ហើយជាផ្នែកមួយនៃយុទ្ធសាស្រ្តជាក់លាក់ និងមានលក្ខណៈគ្រប់ជ្រុង ជ្រោយរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
តំណាងគណៈប្រតិភូក្រុមហ៊ុនបារាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាត ឱ្យគណៈប្រតិភូបានចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ និងបានធ្វើបទបង្ហាញជម្រាបជូនព័ត៌មាន អំពីកិច្ចប្រតិបត្តិការ របស់ក្រុមហ៊ុនផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Sterela Doppler Radar ជាក្រុមហ៊ុនធំមួយ ដែលធ្វើការពាក់ព័ន្ធនឹងសេវាកម្មឧតុនិយម ក្នុងនោះរួមមានការផលិត ស្ថានីយឧតុនិយម ស្វ័យប្រវត្តិ ការដំឡើងស្ថានីយ និងការងារថែទាំស្ថានីយ ។ ចំណែកទីភ្នាក់ងារឧតុនិយមបារាំងអន្តរជាតិ (Meteo France) ជាទីភ្នាក់ងារមានជំនាញឈានមុខគេបង្អស់ក្នុងពិភពលោកលើការផ្តល់សេវាកម្ម និងបណ្តុះបណ្តាលអ្នកជំនាញលើវិស័យឧតុនិយម-ជលសាស្រ្ត៕