ស្វាយរៀង៖ លោកគឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តស្វាយរៀងនិងលោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពដង្កូវហ្វូងកំពុងរាតត្បាតស៊ីបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក ដើម្បីធ្វើការផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ក្នុងទប់ស្កាត់កុំឲ្យរីករាលដាលបន្តទៀត។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងកសិកម្មនិងលោកសរ សុដានី និងក្រុមការងារបានបន្តពិនិត្យការបង្ករបង្កើនផលស្រូវវស្សា និងការដាំបន្លែបែបសហគមន៍ទំនើប របស់បងប្អូននៅស្រុកស្វាយជ្រំ និងស្រុកស្វាយទាប ហើយ ក្រុមការងារក៏បានជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មប្រចាំឃុំចំនួន៧រូប នៅក្នុងខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខ និងពិភាក្សាការងារផងដែរ។
លោកសរ សុដានី បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ នេះថា ក្រោយពីទទួលបានព័ត៍មានពីអាជ្ញាធរស្រុករមាសហែកថា មានដង្កូវហ្វូងកំពុងរាតត្បាតស៊ីបំផ្លាញស្រូវរបស់ប្រជាពលរដ្ឋនៅឃុំអំពិល និងឃុំត្រស់លើផ្ទៃដីប្រមាណ២៨២ហិកតាក្នុង ស្រុករមាសហែក, លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានចាត់ឱ្យលោកគឹម សុន ជារដ្ឋលេខាធិការក្រសួងកសិកម្ម លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់រូបលោក ឲ្យចុះពិនិត្យអន្តរាគមន៍ជាបន្ទាន់ ដើម្បីសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមអំពីរបៀបប្រើថ្នាំកសិកម្ម ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាមួយគ្នានេះបើតាមលោកអភិបាលរងខេត្តស្វាយរៀងបានបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀងផលប៉ះពាល់នៃការរាតត្បាតដង្កូវហ្វូងសុីស្រូវរបស់ពលរដ្ឋនេះ ទើបតែមាននៅក្នុងស្រុករមាសហែកចំនួន២ឃុំប៉ុណ្ណោះ ឯស្រុក ក្រុងផ្សេងៗទៀត មិនទាន់មានករណីនេះផ្ទុះកើតឡើងនោះទេ តែទោះជាយ៉ាងណាអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញនិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់កុំឲ្យដង្កូវហ្វូងនេះរាលដាលបន្ថែមទៀត។
បន្ថែមលើសពីនេះលោកគឹម សុន ក៏បានអំពាវនាវដល់ប្រជាកសិករក្នុងឃុំអំពិល និងឃុំត្រស់ ស្រុករមាសហែក សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឲ្យបានញឹកញាប់ប្រសិនបើកសិករជួបប្រទះនិងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។
សូមបញ្ជាក់ថា តាមការបញ្ជាផ្ទាល់ពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារក្រសួង ត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស ចុះមូលដ្ឋានឲ្យបានសស្រាក់សស្រាំទៅគ្រប់ទីតាំងដែលមានការផ្ទុះរាតត្បាតដង្កូវហ្វូងបំផ្លាញដំណាំស្រូវ ដើម្បីធ្វើការណែនាំអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិកម្មឱ្យបានជោគជ័យផងដែរ៕