ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិអាមេរិក វាយតម្លៃខ្ពស់ ចំពោះចម្លើយដ៏ស្មោះត្រង់ មិនលាក់លៀម របស់សម្តេចតេជោ

ភ្នំពេញ ៖ ក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ ចំពោះចម្លើយដ៏ស្មោះត្រង់ មិនលាក់លៀម របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះសំណូមពររបស់លោក។

ការវាយតម្លៃខ្ពស់លើចម្លើយ របស់សម្តេចតេជោ ពីសំណាក់លោក ឡយ ជេម អូស្ទីន បានធ្វើឡើង តាមរយៈសារលិខិត១ច្បាប់​ ដើម្បីថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ កាលពីថ្ងៃ៦ មិថុនា ។

ចម្លើយរបស់សម្តេចតេជោ មិនត្រូវបានលោក ឡយ ជេម អូស្ទីន បញ្ជាក់ក្នុងលិខិតថា ជាចម្លើយអ្វីនោះទេ ប៉ុន្តែលិខិតរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកគូសបញ្ជាក់ថា “ដូចដែលខ្ញុំបានលើកឡើង នៅក្នុងជំនួបរបស់យើង សហរដ្ឋអាមេរិក នៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយ សម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ។ ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកអាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀប ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា”។

ជាមួយគ្នានេះ លោក ឡយ ជេម អូស្ទីន សង្ឃឹមថានឹងបន្តកិច្ចពិភាក្សា អំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អាមេរិក ហើយលោកទន្ទឹងរង់ចាំនូវទំព័រថ្មីនេះ នៃទំនាក់ទំនងការពារជាតិ របស់ប្រទេសទាំងពីរ។

តាមរយៈលិខិតដដែលនោះ លោក ឡយ ជេម អូស្ទីនក៏បានថ្លែងអំណររគុណ សម្តេចទទួលស្វាគមន៍រូបលោក នៅកម្ពុជាជាលើកទីពីរ ។ លោកឡយ ជេម អូស្ទីន បានបង្ហាញអារម្មណ៍រីករាយ ដែលបានជួបសម្តេចប្រធានជាថ្មីម្តងទៀត។

សូមរំលឹកថា ក្នុងជំនួបរវាងមេដឹកនាំ នយោបាយកំពូលរបស់កម្ពុជា និងប្រមុខការពារជាតិអាមេរិក កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ភាគីទាំងពីរ (កម្ពុជា-អាមេរិក) បានឯកភាពឲ្យមានការសន្ទនា ដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនង និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ ។ បន្ថែមកលើសពីនេះ សម្ដេចតេជោក៏បានប្រាប់លោក ឡយ ជេម អូស្ទីន ថាកុំដាក់ប្រទេសកម្ពុជា នៅក្នុងយុទ្ធសាស្រ្តភូមិសាស្ត្រ នយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជា ធ្វើជាទីកន្លែង ដើម្បីប្រកួតប្រជែង កណ្ដាលភូមិភូមិសាស្ត្រ នយោបាយ រវាងគ្នានិងគ្នាផងដែរ៕

To Top