ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការត្រួតពិនិត្យជាតិស្រវឹង ចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ខណៈកម្លាំងសមត្ថកិច្ចចម្រុះ នឹងបន្តការត្រួតពិនិត្យជាតិ ស្រវឹងដូចភ្លៀងរលឹម ចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានចរាចរណ៍មមាញឹក។

ក្នុងសន្និសីទសារព័ត៌មាន លើកទីពីរ រៀបចំដោយក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ លើប្រធានបទ ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបង្ហាញសុទ្ធិដ្ឋិនិយម ចំពោះវិធានការ តឹងបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់រាជធានី ខេត្ត ជាពិសេសនាពេលយប់ ដើម្បីជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាត់បន្ថយការរបួស និងការបាត់បង់អាយុជីវិត របស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសភាគច្រើន បានកើតឡើងនៅពេលយប់ ពោលគឺ៥៥ភាគរយ ដោយសារកត្តាបើកបរបញ្ជា យានយន្តក្នុងល្បឿនលឿន និងមានផ្ទុកជាតិស្រវឹង ក្នុងខ្លួនអ្នកបើកបរ បញ្ជាយានយន្តតែម្តង។

ផ្អែកកត្តានេះ ហើយដើម្បីការពារ អាយុជីវិតអ្នកបើកបរ និងប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈ ឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចនឹងមិនដកថយ ក្នុងការត្រួតពិនិត្យជាតិ ស្រវឹងនៅទូទាំងប្រទេសឡើយ ជាពិសេសក្នុងរាជធានីភ្នំពេញ តាមភូមិសាស្រ្តទាំង១៤ខណ្ឌ ដោយសមត្ថកិច្ច បានដាក់កម្លាំងចម្រុះផ្លាស់ប្តូរវេនគ្នា ដើម្បីអនុវត្តការ ត្រួតពិនិត្យចន្លោះពីម៉ោង ១០យប់រហូតដល់ម៉ោង៤ភ្លឺ ។
ក្រៅពីជួយកាត់បន្ថយ ករណីគ្រោះថ្នាក់ ចរាចរណ៍ហើយ លោកឧត្តមសេនីយ៍ឯកបន្ថែមថា ការត្រួតពិនិត្យពេលយប់នេះ ក៏ជួយកាត់បន្ថយបទល្មើស ព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ពេលយប់ផងដែរ។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា «ការត្រួតពិនិត្យគ្រឿង ស្រវឹងពេលយប់នេះ បានជួយកាត់បន្ថយករណីគ្រោះថ្នាក់ ចរាចរណ៍ដែលបណ្តាលឲ្យមនុស្សបាត់បង់ជីវិតជាង៥០ភាគរយ ដោយសារអ្នកបើកបរលឿន និងមានជាតិស្រវឹង ដូច្នេះយើងបន្តរឹងបន្តឹងការអនុវត្តបន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ»។

យោងតាមរបាយការណ៍ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុបចំនួន១ ២៩៦ករណី ក្នុងនោះ៥៥ភាគរយ កើតឡើងនៅពេលយប់ ។ បើតាមលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ចំនួនអ្នកស្លាប់បានកើនឡើង៧ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈមូលហេតុនៃគ្រោះថ្នាក់ មាន៤០ភាគរយ កើតឡើងដោយសារបើកហួសល្បឿន មិនគោរពសិទ្ធិអាទិភាពមាន២៤ភាគរយ មិនប្រកាន់ស្ដាំ៩ភាគរយ និងមិនប្រយ័ត្ន៨ភាគរយ។
គួរបញ្ជាក់ថា បញ្ហាចរាចរណ៍ស្ថិតក្នុង ចំណោមអាទិភាព៦ចំណុច ដែលបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាបង្កើន ការយកចិត្តទុកដាក់អនុវត្ត៕
